តូក្យូ ៖ ប្រទេសជប៉ុនកំពុងបញ្ជូនកងទ័ពប្រមាណ ១,៤០០ នាក់ ដែលនេះជាចំនួនច្រើនបំផុតមិនធ្លាប់មាន ទៅចូលរួមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដឹកនាំដោយហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមេសា នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Kyodo News ។

នេះជាលើកដំបូងដែលកងកម្លាំងស្វ័យការពារខ្លួនជប៉ុន (SDF) ចូលរួមយ៉ាងពេញលេញនៅក្នុងការបញ្ចេញសាច់ដុំយោធា ។ ក្រៅពីកងទ័ព ប្រទេសជប៉ុនក៏កំពុងដាក់ពង្រាយនាវាចម្បាំងចំនួន ៣ គ្រឿង និងយន្តហោះចម្បាំងចំនួន ២ គ្រឿងផងដែរ ។
បើតាមរបាយការណ៍, កងកម្លាំងស្វ័យការពារខ្លួនជប៉ុនមានគម្រោងបាញ់សាកល្បងមីស៊ីលនាំផ្លូវប្រភេទ Type-88 ដើម្បីបាញ់ពន្លិចនាវាគោលដៅមួយគ្រឿង នៅភាគខាងជើងតំបន់ Paoay ។
យោងតាមស៊ីនហួរ, សមយុទ្ធយោធាទ្រង់ទ្រាយធំ មានឈ្មោះថា “Balikatan” ឬ “ស្មាប្រកៀកស្មា” មានការចូលរួមពីកងទ័ពជាង ១៧,០០០ នាក់មកពី ៧ ប្រទេស រួមមានអូស្ត្រាលី កាណាដា បារាំង ជប៉ុន និងនូវែលសេឡង់ ដែលនឹងប្រព្រឹត្តទៅរយៈពេល ១៩ ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី៨ ខែឧសភា ។
ពាក់ព័ន្ធនឹងសមយុទ្ធនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun កាលពីថ្ងៃ ចន្ទ បានព្រមានសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន កុំឱ្យប្រលែងលេងជាមួយភ្លើង ហើយថា អ្វីដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវការបំផុត គឺសន្តិភាព និងភាពស្ងប់ស្ងាត់ មិនមែនការដាក់បញ្ចូលកម្លាំងខាងក្រៅ ឬការញុះញង់ឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នានោះទេ ៕

ប្រភព ៖ ស៊ីនហួរ និង AFP ប្រែសម្រួល ៖ ឈឹម ទីណា