ហ្ស៊េរុយសាឡិម ៖ ប្រទេសអ៊ីស្រាអែល បានរៀបចំទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧៨ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែមេសា ឆ្នាំ២០២៦។

ហ្ស៊េរុយសាឡិម ៖ ប្រទេសអ៊ីស្រាអែល បានរៀបចំទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧៨ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែមេសា ឆ្នាំ២០២៦។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និង ប្រធានសភា Knesset លោក Amir Ohana បានធ្វើជាអធិបតី ក្នុងព្រឹត្តិការណ៍នេះ ខណៈដែល ប្រធានាធិបតីប្រទេស អាហ្សង់ទីន លោក Javier Milei ក៏មានវត្តមានចូលរួម ផងដែរ។
បើតាមសារព័ត៌មាន Timesofisrael, ជារឿងចម្លែកមួយ បើទោះបីជាមានវត្តមានចូលរួមក៏ដោយ លោក Netanyahu បានថ្លែងសុន្ទរកថា ក្នុងពិធីនេះ តាមរយៈវីដេអូដែលបានថតទុកមុន ដែលក្នុងនោះ លោកបានសរសើរសមិទ្ធិផលយោធារបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ។
លោក Netanyahu បាននិយាយថា «អ៊ីស្រាអែលគឺខ្លាំងជាងពេលណាៗទាំងអស់ ហើយរួមគ្នាជាមួយសហរដ្ឋអាមេរិក យើងកំពុងដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងនៃអំពើអាក្រក់ នៅក្នុងពិភពលោក» ។
លោក Netanyahu បាននិយាយថា «ខ្មាំងសត្រូវបានក្រោកឡើងនៅគ្រប់ជំនាន់ ដើម្បីព្យាយាមបំផ្លាញជនជាតិជ្វីហ្វ ប៉ុន្តែ នៅក្នុង ជំនាន់នៃការរស់ឡើងវិញ អ៊ីស្រាអែលងើបឡើង ប្រឆាំងនឹងសត្រូវរបស់យើង»។
លោកបានលើកឡើង ចំៗ អំពីការធ្វើសង្គ្រាម នៅតំបន់ហ្គាហ្សា និង សង្គ្រាមព្រួតដៃគ្នាជាមួយអាមេរិក ប្រឆាំងនឹង អ៊ីរ៉ង់។
បើតាម ynetnews, នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ១៩៤៨ ដែលជាថ្ងៃផុតអាណត្តិ ចក្រភពអង់គ្លេស, រដ្ឋជ្វីហ្វថ្មី ឬ រដ្ឋអ៊ីស្រាអែល – ត្រូវបានបង្កើតឡើងជាផ្លូវការ នៅក្នុងផ្នែកខ្លះ នៃអ្វីដែលត្រូវបានគេស្គាល់ថា ជាអាណត្តិអង់គ្លេស សម្រាប់ប៉ាឡេស្ទីន។
ជាមួយនឹងការបង្កើតរដ្ឋអ៊ីស្រាអែល នៅឆ្នាំ ១៩៤៨ ប្រទេសនេះ មានអាយុកាល ៧៨ឆ្នាំមកហើយ គិតមកដល់ឆ្នាំ២០២៦៕
ប្រភពពី Timesofisrael ប្រែសម្រួល ៖ សារ៉ាត

