មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហើបថា រុស្ស៊ីដឹងច្បាស់ពីវិធីបញ្ចប់សង្គ្រាមអ៊ុយក្រែនដោយរបៀបណា គ្រាន់តែពេលនេះ រូបលោកនៅពុំទាន់អាចទម្លាយប្រាប់ជាសាធារណៈនោះទេ ដោយរង់ចាំពេលវេលាមកដល់ ។

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហើបថា រុស្ស៊ីដឹងច្បាស់ពីវិធីបញ្ចប់សង្គ្រាមអ៊ុយក្រែនដោយរបៀបណា គ្រាន់តែពេលនេះ រូបលោកនៅពុំទាន់អាចទម្លាយប្រាប់ជាសាធារណៈនោះទេ ដោយរង់ចាំពេលវេលាមកដល់ ។
ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឆាបឆេះឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានបន្តអូសបន្លាយពេលជាង ៤ ឆ្នាំហើយ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump ព្យាយាមលូកដៃជួយពន្លត់ជម្លោះប្រដាប់អាវុធនេះក៏ដោយ ។
បើតាម RT, លោកប្រធានាធិបតី Putin បានថ្លែងប្រាប់មន្ត្រីនានាក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង មូស្គូ កាលពីថ្ងៃ អង្គារ ថា សកម្មភាពយោធាតែងតែជារឿងដ៏ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ។
ប្រមុខវិមានក្រឹមឡាំងរូបនេះបន្ថែមថា រុស្ស៊ីដឹងថា អ្វីៗនឹងបញ្ចប់ទៅដោយរបៀបណា ប៉ុន្តែនឹងមិនធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីរឿងនេះទេ ។ រុស្ស៊ីគ្រាន់តែខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលខ្លួនកំណត់ទុកប៉ុណ្ណោះ ។
យោងតាមសម្តីរបស់នាយអគ្គសេនាកងទ័ពរុស្ស៊ី លោក Valery Gerasimov, គិតមកទល់ពេលនេះ កងកម្លាំងរុស្ស៊ីដណ្តើមបានទឹកដី ១.៧០០ គីឡូម៉ែត្រក្រឡារបស់អ៊ុយក្រែន ហើយកំពុងរុលទៅមុខគ្រប់ទិសដៅ ។
លោកថា ចាប់តាំងពីដើមឆ្នាំនេះ ទីតាំងឈរជើងចំនួន ៨០ កន្លែង និងទឹកដីជាង ១.៧០០ គីឡូម៉ែត្រក្រឡា បានស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី ខណៈដែលការរំដោះសាធារណរដ្ឋប្រជាមានិត Luhansk ត្រូវបានបញ្ចប់ទាំងស្រុង ។
ទន្ទឹមគ្នា អង្គការសហប្រជាជាតិ បានប្រកាសព្រមានអំពីការកើនឡើងគួរឲ្យព្រួយបារម្ភនូវការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលហានិភ័យនៃជម្លោះ ដែលកាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រងបាន កំពុងលេចចេញជារូបរាងកាន់តែធំឡើង ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា


