ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចេញមុខជំរុញឱ្យអ៊ីស្រាអែល ត្រូវតែលះបង់មហិច្ឆតារបស់ខ្លួន ដែលប៉ុនប៉ងច្បាមយកទឹកដីប្រទេសលីបង់ ដោយលោកបានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយ ដើម្បីធានាស្ថិរភាពក្នុងតំបន់ ។

ការជំរុញនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Macron បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីថ្ងៃ អង្គារ ។
មេដឹកនាំបារាំងមានវ័យ៤៩ឆ្នាំរូបនេះ បានបំផុសឱ្យមានកិច្ចព្រមព្រៀងនយោបាយ រវាងអ៊ីស្រាអែល និងលីបង់ សំដៅធានាសន្តិសុខសម្រាប់ប្រទេសទាំងពីរ ការពារបូរណភាពទឹកដីរបស់លីបង់ និងបើកផ្លូវសម្រាប់ការស្តារទំនាក់ទំនងល្អឡើងវិញ ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Salam បានបញ្ជាក់ជាថ្មីនូវការទាមទាររបស់ប្រទេសលីបង់ ឱ្យអ៊ីស្រាអែលដកកងទ័ពទាំងស្រុងចេញពីទឹកដីរបស់លីបង់ ហើយអនុញ្ញាតឱ្យអ្នកទោស និងជនភៀសខ្លួនលីបង់ទាំងអស់ អាចវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ។
ក្រៅពីជម្លោះរវាងអ៊ីស្រអែល និងលីបង់ លោកប្រធានាធិបតី Macron ក៏បានឆ្លៀតធ្វើការអំពាវនាវទៅកាន់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឱ្យបន្តអូសបន្លាយពេលចរចាដោយសន្តិវិធី ដោយលោកបានសង្កត់ធ្ងន់ថា “សង្គ្រាមមិនគួរកើតឡើងសាជាថ្មីឡើយ” ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា