ហ្សាកាតា ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ឥណ្ឌូណេស៊ី បានបង្ហើបកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូណេស៊ីពិចារណាគិតថ្លៃពីនាវាឆ្លងកាត់ច្រកសមុទ្រ ម៉ាឡាកា ដូចនៅច្រកសមុទ្រ ហ័រមូស ផងដែរ ។

ហ្សាកាតា ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ឥណ្ឌូណេស៊ី បានបង្ហើបកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូណេស៊ីពិចារណាគិតថ្លៃពីនាវាឆ្លងកាត់ច្រកសមុទ្រ ម៉ាឡាកា ដូចនៅច្រកសមុទ្រ ហ័រមូស ផងដែរ ។
បើតាម Free Malaysia Today , ច្រកសមុទ្រ Malacca មានប្រវែង ៩០០ គីឡូម៉ែត្រ លាតសន្ធឹង រវាងកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី និងឧបទ្វីបម៉ាឡេស៊ី ដោយរួមតូចចូលទៅក្នុងច្រកសមុទ្រសិង្ហបុរីផងដែរ ។
ច្រកមួយនេះ កាន់កាប់ប្រហែល ៤០% នៃពាណិជ្ជកម្មសកល រួមទាំង ការនាំចេញប្រេងភាគច្រើន ចេញពីតំបន់មជ្ឈិមបូព៌ា ទៅកាន់មជ្ឈមណ្ឌលសេដ្ឋកិច្ចអាស៊ី ធំៗ ដូចជា ប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូង ។
ថ្លែងអំឡុងសន្និសិទហិរញ្ញវត្ថុ នៅទីក្រុងហ្សាកាតា, លោក Purbaya Yudhi Sadewa រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានផ្តល់យោបល់យ៉ាងខ្លី ថា ឥណ្ឌូណេស៊ី អាចធ្វើតាមចលនារបស់អ៊ីរ៉ង់ ដើម្បីពិចារណា យកថ្លៃនាវា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។
យ៉ាងណា លោក Purbaya លើកឡើងថា ការផ្លាស់ប្តូរណាមួយ នៅក្នុងច្រកសមុទ្រ Malacca នឹងតម្រូវឱ្យមានការពិគ្រោះយោបល់ ជាមួយប្រទេស ម៉ាឡេស៊ី និងសិង្ហបុរី ក៏ដូចជា រដ្ឋតាមឆ្នេរសមុទ្រផ្សេងទៀត ដែលស្ថិតនៅបណ្តោយផ្លូវទឹក មួយនេះ ។
ជាមួយគ្នានេះ លោកថែមទាំងទទួលស្គាល់ទៀតថា ការរកប្រាក់កម្រៃ ពីច្រក Malacca ក៏មិនមែនជារឿងងាយស្រួលនោះដែរ ។
បើតាម Free Malaysia Today, គំនិត ស្តីពីការចង់គិតថ្លៃ លើនាវា ឆ្លងកាត់ផ្លូវទឹក Malacca ពីសំណាក់ឥណ្ឌូណេស៊ី គឺ ផ្ទុយពីជំហរ របស់ម៉ាឡេស៊ី និង សិង្ហបុរី ។
កន្លងមកប្រទេសទាំងពីរនេះ ប្ដេជ្ញាថា នឹងធានានូវសេរីភាព នៃការធ្វើនាវាចរណ៍ និងការឆ្លងកាត់ នៅក្នុងច្រកសមុទ្រ ម៉ាឡាកា ឲ្យស្របតាមច្បាប់អន្តរជាតិ ៕
ប្រភពពី Free Malaysia Today ប្រែសម្រួល ៖ សារ៉ាត
