វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកការរឹបអូសនាវាពីសំណាក់អ៊ីរ៉ង់មិនបានរំលោភបំពានបទឈប់បាញ់ឡើយ ដោយលើកហេតុផលថា កប៉ាល់ទាំងនោះមិនមែនជាកម្មសិទ្ធិរបស់អាមេរិក និងអ៊ីស្រាអែលនោះទេ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន ។

ក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Fox News នៅថ្ងៃព្រហស្បតិ៍នេះ, អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt និយាយថា លោកប្រធានាធិបតី ត្រាំ ចាត់ទុកការរឹបអូសយកនាវា ២ គ្រឿង នៅច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់មិនមែនជាការរំលោភ លើបទឈប់បាញ់នោះទេ ដោយសារតែកប៉ាល់ទាំង ២ គ្រឿងនោះគឺជាកម្មសិទ្ធិរបស់អន្តរជាតិ ។
ការលើកឡើង របស់មន្ត្រីសេតវិមានរូបនេះបានធ្វើឡើង បន្ទាប់ពី ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim អះអាងថា ឆ្មាំបដិវត្តន៍ បានរឹបអូសនាវា ២ គ្រឿង ដោយសារតែបំពានដែនសមុទ្រ ហើយបាននាំយក កប៉ាល់ ទាំងនោះ ទៅកាន់ច្រាំងសមុទ្រអ៊ីរ៉ង់ ។
នេះជាលើកទីមួយហើយ ដែលអ៊ីរ៉ង់ ចាប់យកកប៉ាល់ តាំងពីសង្គ្រាម បានចាប់ផ្តើមផ្ទុះឡើង កាលពីចុងខែកុម្ភៈ ក្រោយពេលដែលសហរដ្ឋអាមេរិកបានប្រកាសបិទកំពង់ផែអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចាជុំដំបូងនៅប្រទេសប៉ាគីស្ថាន ទទួលរងបរាជ័យ ។
លោកស្រី Karoline Leavitt លើកឡើងថា ការបិទច្រកកំពង់ផែអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក មានប្រសិទ្ធភាពយ៉ាងខ្លាំង ដោយបាននិងកំពុងដាក់សម្ពាធសេដ្ឋកិច្ច លើសាធារណរដ្ឋឥស្លាមមួយនេះ ជាខ្លាំង ។
ឆ្លើយតបនឹងរឿងនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានព្រមានដែរថា ការរំខានដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងច្រកសមុទ្រនេះ នឹងត្រូវបានចាត់ទុកថា ជាបន្ទាត់ក្រហម ៕
ប្រភពពី Nbcnews, CNA ប្រែសម្រួល ៖ សារ៉ាត