វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា រូបលោកបានបញ្ជាឲ្យកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បាញ់កម្ទេចទូកទាំងឡាយ ដែលប្រទះឃើញកំពុងដាក់ពង្រាយមីននៅក្នុងដែនទឹកនៃច្រកសមុទ្រ Hormuz ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា រូបលោកបានបញ្ជាឲ្យកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បាញ់កម្ទេចទូកទាំងឡាយ ដែលប្រទះឃើញកំពុងដាក់ពង្រាយមីននៅក្នុងដែនទឹកនៃច្រកសមុទ្រ Hormuz ។
បទបញ្ជានេះ កើតឡើងស្របពេលមានសកម្មភាពយោធាកាន់តែខ្លាំងឡើង នៅក្នុងសមុទ្រជុំវិញប្រទេសអ៊ីរ៉ង់ ទោះបីជាមានការពន្យារបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ។
លោកប្រធានាធិបតី Trump បានបង្ហោះសារលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃ ព្រហស្បតិ៍ ថា ក្រៅពីបាញ់កម្ទេចទូកដាក់មីន ឥឡូវនេះ ក្រុមបោសសម្អាតមីនរបស់អាមេរិក ក៏កំពុងបោសសម្អាតគ្រាប់មីននៅច្រកសមុទ្រ Hormuz ផងដែរ ហើយខ្ញុំកំពុងបញ្ជាឲ្យបន្តសកម្មភាពនោះ ប៉ុន្តែត្រូវមានកម្រិតខ្ពស់ជាងមុន ៣ ដង ។
យ៉ាងណា គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់បានបញ្ជាក់នៅឡើយទេ ថាតើទូកអ៊ីរ៉ង់បានដាក់ពង្រាយគ្រាប់មីននៅច្រកសមុទ្រ Hormuz នេះដែរ ឬអត់ ប៉ុន្តែប្រាប់ថា ខ្លួនបានចាត់វិធានការបង្ការជាបន្តបន្ទាប់ ក្នុងករណីមាន ។
គួរបញ្ជាក់ថា ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយ ដែលគ្រប់គ្រងលំហូរប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ២០ ភាគរយរបស់ពិភពលោក ត្រូវបានរាំងខ្ទប់ ចាប់តាំងពីទីក្រុងតេហេរ៉ង់ បានបិទផ្លូវទឹកមួយនេះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
