មូស្គូ ៖ អនុប្រមុខការទូតរុស្ស៊ីបានចេញមុខព្រមានធ្ងន់ៗដល់បណ្ដាប្រទេសអឺរ៉ុបថា ពួកគេនឹងក្លាយជាគោលដៅវាយប្រហាររបស់ទីក្រុងមូស្គូ បើសិនរដ្ឋទាំងនោះហ៊ានយល់ព្រមឱ្យបារាំងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ។

ការព្រមាននេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហើបពីគម្រោងដាក់ពង្រាយយន្តហោះនុយក្លេអ៊ែរទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយចំនួន រួមមាន អាល្លឺម៉ង់ ប៉ូឡូញ និងដាណឺម៉ាកជាដើម ។
គំនិតផ្ដួចផ្ដើមរបស់មេដឹកនាំបារាំងរូបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងស្វ័យភាពការពារជាតិរបស់អឺរ៉ុប ស្របពេលបាត់បង់ជំនឿលើការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការការពារសមាជិកអង្គការណាតូ ។
ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាឡិចសាន់ឌឺ ហ្គ្រូស្កូ បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់បារាំងនៅក្នុងប្រទេសដទៃ នឹងបង្កការគំរាមកំហែងយុទ្ធសាស្ត្រដល់រុស្ស៊ី ។
មិនត្រឹមតែប៉ុណ្ណោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ ថែមទាំងបោះពាក្យសម្តីព្រមានធ្ងន់ៗទុកមុនថា កងកម្លាំងយោធារុស្ស៊ី នឹងត្រូវបង្ខំចិត្តបញ្ចូលប្រទេសទាំងនោះ ទៅក្នុង «បញ្ជីគោលដៅអាទិភាព» ក្នុងករណីមានជម្លោះផ្ទុះឡើង ។
យ៉ាងណា រដ្ឋាភិបាលទីក្រុងមូស្គូនៅតែយល់ឃើញថា ចំណាត់ការបែបនេះ នឹងមិនបានជួយដល់ការការពារជាតិ ដូចការអះអាងរបស់បារាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឱ្យសន្តិសុខរបស់បណ្ដាប្រទេសទាំងនោះ កាន់តែចុះខ្សោយ និងងាយរងគ្រោះបំផុត ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា