បេរូត ៖ កងកម្លាំងអ៊ីស្រាអែលនៅតែបន្តវាយសង្គ្រុបលើប្រទេសលីបង់ជាធម្មតា បើទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា បទឈប់បាញ់ដែលសម្រេចដោយភាគីទាំងពីរ ពន្យាពេលបន្ថែមទៀតក៏ដោយ ។

បេរូត ៖ កងកម្លាំងអ៊ីស្រាអែលនៅតែបន្តវាយសង្គ្រុបលើប្រទេសលីបង់ជាធម្មតា បើទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា បទឈប់បាញ់ដែលសម្រេចដោយភាគីទាំងពីរ ពន្យាពេលបន្ថែមទៀតក៏ដោយ ។
ទីភ្នាក់ងារសារព័ត៌មានលីបង់ LNNA រាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារ តាមអាកាស និង បាញ់គ្រាប់ផ្លោង នៅទូទាំង ភាគខាងត្បូងប្រទេសលីបង់កាលពីព្រឹកព្រលឹមថ្ងៃសុក្រនេះ ។
បើតាមទីភ្នាក់ងារដដែល, ការវាយប្រហារ តាមអាកាសបន្ថែម ក៏បានកំណត់គោលដៅ លើទីក្រុង Kherbet Selm ផងដែរ ។ នៅក្នុងតំបន់ Tire ឯណោះវិញ, យន្តហោះ អ៊ីស្រាអែល បានធ្វើការវាយឆ្មក់ នៅជាយក្រុង Majdal Zoun ខណៈដែលការវាយប្រហារពេញមួយយប់ ក៏បានកើតមាន នៅតំបន់ Jezzine ទៀតផង ។
ការវាយប្រហារនេះ បានកើតឡើង នៅត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា បទឈប់បាញ់ រវាងអ៊ីស្រាអែល និង លីបង់ ត្រូវបានពន្យារពេល បី សប្តាហ៍ បន្ទាប់ពីមានកិច្ចពិភាក្សា កម្រិតឯកអគ្គរដ្ឋទូត នៅឯសេតវិមាន ។
ការបំពានបទឈប់បាញ់ ពីសំណាក់ ទីក្រុង ហ្ស៊េរុយសាឡិម នេះ ក៏ស្របនឹងសម្តីរបស់ លោក Danny Danon បេសកជនអ៊ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ ដែលអះអាងថា ការបន្តបទឈប់បាញ់ នៅលីបង់ គឺ មិនធានាបាន ១០០% នោះទេ ។
បទឈប់បាញ់ រយៈពេល ១០ ថ្ងៃ ដំបូង ដែលមានអាមេរិក ធ្វើជាអ្នកសម្របសម្រួល បានចូលជាធរមាន នៅថ្ងៃទី១៦ ខែមេសា ហើយនឹងត្រូវផុតកំណត់ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ។
បើយោងតាមអាជ្ញាធរលីបង់, ចាប់តាំងពីថ្ងៃទី២ ខែមីនា, ការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើប្រទេសលីបង់ បានសម្លាប់មនុស្សជាង ២ ពាន់ ២០០ នាក់ និងបានជម្លៀសខ្លួនមនុស្សជាង ១ លាននាក់ ៕
ប្រភពពី Anadolu, Aljazeera ប្រែសម្រួល ៖ សារ៉ាត
