ប៉េកាំង ៖ មហាយក្សចិន នៅថ្ងៃ សុក្រ បានប្រកាសហាមឃាត់ការនាំចេញទំនិញប្រើប្រាស់ពីរយ៉ាង (Dual-use) ដែលអាចប្រើប្រាស់សម្រាប់គោលបំណងស៊ីវិល និងយោធា ទៅកាន់អង្គភាពអឺរ៉ុបចំនួន ៧ ដើម្បីឆ្លើយតបការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ។

ប៉េកាំង ៖ មហាយក្សចិន នៅថ្ងៃ សុក្រ បានប្រកាសហាមឃាត់ការនាំចេញទំនិញប្រើប្រាស់ពីរយ៉ាង (Dual-use) ដែលអាចប្រើប្រាស់សម្រាប់គោលបំណងស៊ីវិល និងយោធា ទៅកាន់អង្គភាពអឺរ៉ុបចំនួន ៧ ដើម្បីឆ្លើយតបការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ។
បើតាមក្រសួងពាណិជ្ជកម្មចិន, ការរឹតត្បិតនេះ នឹងចាត់បញ្ចូលអង្គភាពអឺរ៉ុបទាំង ៧ នេះភ្លាមៗ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ទីក្រុងប៉េកាំង ដែលនេះជាករណីដ៏កម្រមួយ ដែលទណ្ឌកម្មរបស់មហាយក្សចិន ផ្តោតលើអង្គភាពរបស់អឺរ៉ុប ដែលពាក់ព័ន្ធនឹងការលក់អាវុធដល់កោះតៃវ៉ាន់ ។
អ្នកនាំពាក្យមួយរូបរបស់ក្រសួងពាណិជ្ជកម្មចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពទាំងនោះ រួមមានក្រុមហ៊ុនអេឡិចត្រូនិចការពារជាតិអាល្លឺម៉ង់ Hensoldt AG និងក្រុមហ៊ុនផលិតអាវុធការពារជាតិ FN Browning ដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៊ិក បានចូលរួមក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់ ឬលួចឃុបឃិតជាមួយកោះមួយនេះ ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា វិធានការទាំងនោះ អនុវត្តចំពោះតែទំនិញប្រើប្រាស់បានពីរយ៉ាងប៉ុណ្ណោះ ហើយមិនប៉ះពាល់ដល់ការដោះដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិន និងអឺរ៉ុបទេ ។ អង្គភាពអឺរ៉ុបទាំងឡាយណា ដែលគោរពច្បាប់ និងមានភាពស្មោះត្រង់ មិនចាំបាច់ព្រួយបារម្ភឡើយ ។
ភ្លាមៗ នៅពុំទាន់មានការអត្ថាធិប្បាយពីរដ្ឋាភិបាលតៃវ៉ាន់ សហភាពអឺរ៉ុប ឬក្រុមហ៊ុន FN Browning នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Hensoldt បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ខ្លួនកំពុងផ្ទៀងផ្ទាត់ការពិត និងវាយតម្លៃអំពីស្ថានការណ៍ ។
បើតាម Straits Times, កោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាផ្នែកមួយនៃទឹកដីប្រទេសរបស់ខ្លួននោះ ទទួលបានអាវុធភាគច្រើនពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប៉ុន្តែអឺរ៉ុបមិនបានលក់ទំនិញយោធាដែលមានតម្លៃខ្ពស់ ដូចជាយន្តហោះចម្បាំងទៅឱ្យទីក្រុងតៃប៉ិអស់រយៈពេលប្រហែលបីទសវត្សរ៍មកហើយ ដើម្បីជៀសវាងការដុតបញ្ឆេះកំហឹងរបស់ទីក្រុងប៉េកាំង ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

