តូក្យូ ៖ ជប៉ុនបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យប្រមាណ ១,៤០០ នាក់ និងកងកម្លាំងស្វ័យការពារ ១០០ នាក់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅផ្នែកខាងជើងនៃប្រទេស ដែលបន្តឆាបឆេះចូលដល់ថ្ងៃទី៥ ហើយ ។

តូក្យូ ៖ ជប៉ុនបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យប្រមាណ ១,៤០០ នាក់ និងកងកម្លាំងស្វ័យការពារ ១០០ នាក់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅផ្នែកខាងជើងនៃប្រទេស ដែលបន្តឆាបឆេះចូលដល់ថ្ងៃទី៥ ហើយ ។
គិតត្រឹមព្រឹកថ្ងៃ អាទិត្យ ភ្លើងឆេះព្រៃបានឆាបឆេះលើផ្ទៃដីប្រហែល ១,៣៧៣ ហិកតា និងកំពុងគំរាមកំហែងដល់បណ្ដាស្រុកជាច្រើននៃទីក្រុង Otsuchi ស្ថិតនៅតាមបណ្ដោយឆ្នេរប៉ាស៊ីហ្វិក ។
ជាការឆ្លើយតប អាជ្ញាធរបានចេញបញ្ជាជម្លៀសប្រជាជនប្រមាណ ១,៥៤១ គ្រួសារ ឬស្មើនឹង ៣,២៣៣ នាក់ទៅកាន់កន្លែងមានសុវត្ថិភាព ។ បើតាម CNA, មកទល់ពេលនេះ មានមនុស្សម្នាក់រងរបួសស្រាលដោយសារដួលនៅឯជំរំស្នាក់នៅបណ្ដោះអាសន្ន ។
យោងតាមអាជ្ញាធរឧតុនិយមជប៉ុន, អាកាសធាតុប្រហែលជានឹងមិនមានភ្លៀងធ្លាក់ទេ នៅក្នុងតំបន់មានភ្លើងឆេះព្រៃ នៅថ្ងៃ អាទិត្យ ឬថ្ងៃ ចន្ទ ដើមសប្ដាហ៍នេះ ។
ប៉ុន្តែមានការព្យាករថា អាចនឹងមានភ្លៀងធ្លាក់រយៈពេលខ្លីនៅថ្ងៃ អង្គារ ខណៈដែលអាជ្ញាធរជប៉ុនមិនទាន់អាចកំណត់ពីមូលហេតុ បណ្ដាលឱ្យមានភ្លើងឆេះព្រៃកើតឡើងនៅឡើយទេ ។
សូមរម្លឹកថា Otsuchi ជាទីក្រុងធ្លាប់មានការចងចាំដ៏ឈឺចាប់ អំពីគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយរបស់ប្រទេសជប៉ុន គឺគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១ នៅពេលដែលទីក្រុងរបស់ជប៉ុនមួយនេះ បានបាត់បង់ប្រជាជនរហូតជិតមួយភាគដប់ឯណោះ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
Efforts continue to control Japan forest blazes
Wildfires spread towards northern Japan town
