វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក នៅតែមិនបង់ថ្លៃសមាជិកភាពរបស់ខ្លួន ក្នុងការចាកចេញពីអង្គការសុខភាពពិភពលោក ហៅកាត់ WHO នេះបើតាមបញ្ជាក់ របស់ប្រធានស្ថាប័នមួយនេះដោយផ្ទាល់ កាលពីថ្ងៃអង្គារ។

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក នៅតែមិនបង់ថ្លៃសមាជិកភាពរបស់ខ្លួន ក្នុងការចាកចេញពីអង្គការសុខភាពពិភពលោក ហៅកាត់ WHO នេះបើតាមបញ្ជាក់ របស់ប្រធានស្ថាប័នមួយនេះដោយផ្ទាល់ កាលពីថ្ងៃអង្គារ។
អំឡុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងហ្សឺណែវ, លោក Tedros Adhanom Ghebreyesus ប្រធាន WHO បាននិយាយថា សហរដ្ឋអាមេរិក នៅតែមិនបង់ថ្លៃសមាជិកភាពរបស់ខ្លួន ដែលជាលក្ខខណ្ឌកំណត់ ដោយខ្លួនឯង សម្រាប់ការចាកចេញពីអង្គការសុខភាពពិភពលោក។
លោក Tedros បានរៀបរាប់ថា «ដូច្នេះ យើងសង្ឃឹមថា ពួកគេនឹងអនុវត្តតាម ប៉ុន្តែ យើងមិនទាន់ទទួលបានអ្វីនៅឡើយទេ»។
បន្ទាប់ពីការវិលត្រឡប់ ទៅកាន់សេតវិមានវិញ នៅក្នុងខែមករា ឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលដឹកនាំសហរដ្ឋអាមេរិក ឱ្យដកខ្លួនចេញពីអង្គការសុខភាពពិភពលោក។ ការដកខ្លួននេះ បានចូលជាធរមាន កាលពីថ្ងៃទី២២ ខែមករា នេះបើយោងតាមទីក្រុងវ៉ាស៊ីនតោន។ មេដឹកនាំអាមេរិក រូបនេះ បានរិះគន់ អំពីរបៀបដែល WHO គ្រប់គ្រងស្ថានការណ៍ ក្នុងកំឡុងកូវីដ-១៩ និង បរាជ័យ ក្នុងការអនុម័តកំណែទម្រង់ ជាបន្ទាន់ ជាដើម។
រដ្ឋធម្មនុញ្ញ របស់ WHO មិនរួមបញ្ចូលចំណុច បញ្ជាក់ពីការដកខ្លួននោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិករក្សាសិទ្ធិ ក្នុងការដកខ្លួន សម្រាប់លក្ខខណ្ឌ នៃការផ្តល់ការជូនដំណឹងមួយឆ្នាំ និង បំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនពេញលេញ សម្រាប់ឆ្នាំសារពើពន្ធនោះ។
ឥឡូវនេះ រយៈពេលនៃការជូនដំណឹង បានផុតកំណត់ហើយ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោននៅតែមិនបានបង់ថ្លៃសេវារបស់ខ្លួន នៅឆ្នាំ២០២៤ ឬ ២០២៥ ដោយជំពាក់ប្រហែល ២៦០ លានដុល្លារ។
ជាធម្មតា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយដ៏ធំបំផុតដល់អង្គការ WHO ខណៈដែល
ខ្លួនបានចូលរួម ជាមួយអង្គការសុខភាពពិភពលោក ក្នុងឆ្នាំ១៩៤៨៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

