វ៉ាស៊ីនតោន ៖ អាមេរិក បានសារភាពថា ពិបាកទប់ទល់ ប្រឆាំងនឹងមីស៊ីលទំនើបៗ របស់រុស្ស៊ី និង ចិន នេះបើតាមការចេញផ្សាយ របស់ RT។

វ៉ាស៊ីនតោន ៖ អាមេរិក បានសារភាពថា ពិបាកទប់ទល់ ប្រឆាំងនឹងមីស៊ីលទំនើបៗ របស់រុស្ស៊ី និង ចិន នេះបើតាមការចេញផ្សាយ របស់ RT។
បើតាមប្រភព, ក្រុមមន្ត្រីជាន់ខ្ពស់មន្ទីរ ប៉ង់តាហ្គោន បានប្រាប់សមាជិកសភា កាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិក មិនអាចការពារទប់ទល់ ប្រឆាំងនឹងប្រព័ន្ធមីស៊ីលទំនើប ដែលមានល្បឿនលឿនជាងសំឡេង របស់រុស្ស៊ី និងចិន ខណៈដែលពួកគេអំពាវនាវឱ្យផ្តល់មូលនិធិ សម្រាប់កម្មវិធីខែលការពារ Golden Dome ដែលបានស្នើឡើង ដោយរដ្ឋបាល របស់លោក Trump ។
ថ្លែងនៅក្នុងសវនាការ របស់គណៈកម្មាធិការសេវាប្រដាប់អាវុធ របស់ព្រឹទ្ធសភាអាមេរិក លោក Marc Berkowitz ជំនួយការ រដ្ឋមន្ត្រីក្រសួងសង្រ្គាម ទទួលបន្ទុកគោលនយោបាយអវកាស បានរៀបរាប់ថា ការធ្វើឲ្យប្រសើរឡើង នូវខែលការពារ គឺជាតម្រូវការបន្ទាន់ ដោយសារតែ អាមេរិក មានត្រឹមប្រព័ន្ធការពារជាតិ តែមួយស្រទាប់ នៅមានកម្រិត ដែលត្រូវបានរចនាជាពិសេស ប្រឆាំងនឹងការវាយប្រហារ បែបបញ្ឆោត។ លោកបានសង្កត់ធ្ងន់ថា ប្រទេសនេះ នឹងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ប្រឆាំងនឹងកាំជ្រួចផ្លោង ហើយ មិនមានការការពារប្រឆាំងនឹងអាវុធលឿនជាងសំឡេង ឬ កាំជ្រួច Cruise នាពេលបច្ចុប្បន្ន នេះទេ។
លោក Michael Guetlein ដែលជាអ្នកដឹកនាំកម្មវិធី Golden Dome នៅក្នុងកងកម្លាំងអវកាសអាមេរិក បានផ្តល់សក្ខីកម្ម ថា ទាំងប្រទេសចិន និងរុស្ស៊ី កំពុងបន្តធ្វើទំនើបកម្ម និង ពង្រីកឃ្លាំងអាវុធមីស៊ីលរបស់ពួកគេ។ លោកបានចង្អុលទៅការដាក់ពង្រាយក្បាលគ្រាប់ ដែលមានសមត្ថភាព ធ្វើសមយុទ្ធ ក្នុងល្បឿនខ្ពស់ ក្នុងបរិយាកាស បន្ទាប់ពីការបាញ់បង្ហោះ ក៏ដូចជា ការអភិវឌ្ឍកាំជ្រួចដំណើរការដោយថាមពលនុយក្លេអ៊ែរ Burevestnik របស់រុស្ស៊ី ។
លោក Guetlein បាននិយាយថា ប្រព័ន្ធទាំងនេះ ត្រូវបានរចនាឡើង ដើម្បីប្រកួតប្រជែងសមត្ថភាពតាមដាន និង ឧបករណ៍ចាប់សញ្ញារបស់អាមេរិក និង ធានាបាននូវ សមត្ថភាពវាយប្រហារ ដែលអាចមានការឆ្លើយតប យ៉ាងមានប្រសិទ្ធិភាព ។
យោងតាមការប៉ាន់ស្មានដំបូង ដោយរដ្ឋបាលរបស់ លោក Trump, ប្រព័ន្ធខែលការពារ Golden Dome នឹងមានតម្លៃប្រហែល ១៧៥ ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ ក្រោយនេះ ខណៈដែល ការព្យាករណ៍របស់មន្ទីរបញ្ចកោណប៉ាន់ប្រមាណ ថា នឹងកើនឡើងដល់ប្រហែល ១៨៥ ពាន់លានដុល្លារ ហើយ អ្នកវិភាគមួយចំនួន បានជឿជាក់ថា តម្លៃចុងក្រោយ អាចនឹងខ្ពស់ជាងនេះ យ៉ាងខ្លាំង។
ការសារភាពចំៗ របស់អាមេរិក ពីការអសមត្ថភាព ទប់ទល់នឹងអាវុធលឿនជាងសម្លេង របស់រុស្ស៊ី និងចិន បានកើតមានឡើង ចំពេលដែល សង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កំពុងចោទជាសំណួរ អំពីសមត្ថភាពការពារមីស៊ីលរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលរបាយការណ៍ បង្ហាញថា ឃ្លាំងអាវុធស្ទាក់ចាប់ ដូចជា ប្រព័ន្ធ THAAD និង Patriot បានបាត់បង់យ៉ាងច្រើន ជាហេតុនាំឲ្យអាមេរិក ត្រូវការរយៈពេលជាច្រើនឆ្នាំ ដើម្បីអាចស្តារស្តុកសព្វាវុធ ទាំងអស់នេះ ឡើងវិញ នេះបើតាម RT ដដែល៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត



