វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកអាចដកកងទ័ពអាមេរិកមួយចំនួន ដែលឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ ចំពេលមានជម្លោះពាក្យសម្តីជាសាធារណៈ ជាមួយអធិការបតី អាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមនៅអ៊ីរ៉ង់។

លោក Trump បានសរសេរ នៅលើ Truth Social កាលពីថ្ងៃពុធ ថា «សហរដ្ឋអាមេរិកកំពុងសិក្សា និងពិនិត្យមើលឡើងវិញ នូវការកាត់បន្ថយកងទ័ព ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងការប្តេជ្ញាចិត្តថា នឹងធ្វើឡើង ក្នុងពេលដ៏ខ្លីខាងមុខនេះ»។
បើតាម Al Jazeera, ការគំរាមនេះ ធ្វើឡើង បន្ទាប់ពី លោក អធិការបតីអាល្លឺម៉ង់ Friedrich Merz និយាយ កាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិក កំពុងត្រូវបានថ្នាក់ដឹកនាំអ៊ីរ៉ង់ ធ្វើឲ្យអាម៉ាស់មុខយ៉ាងខ្លាំង និងបានចាញ់ប្រៀបអ៊ីរ៉ង់ ស្ទើរតែគ្រប់លក្ខខណ្ឌទាំងអស់ នៅលើតុចរចា។ លោក ថា អ៊ីរ៉ង់បានធ្វើឲ្យថ្នាក់ដឹកនាំអាមេរិក ដែលហោះទៅចរចា នៅទីក្រុង អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ចាកចេញមកវិញ ដោយដៃទទេ ។
ក្រោយមក លោក Trump បានឆ្លើយតបវិញថា មេដឹកនាំអាល្លឺម៉ង់ រូបនេះ មិនដឹងថា ខ្លួនកំពុងនិយាយពីអ្វីនោះទេ។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social បន្ថែមថា «គ្មានអ្វីចម្លែកទេ ដែអាល្លឺម៉ង់កំពុងលំបាក ទាំងសេដ្ឋកិច្ច និង វិស័យ ផ្សេងៗទៀត!»។
យោងតាម CBS , បច្ចុប្បន្ន ទាហានសកម្មអាមេរិក ជាង៣ម៉ឺន៦ពាន់នាក់ កំពុងឈរជើង នៅមូលដ្ឋាននានា ទូទាំងប្រទេស អាល្លឺម៉ង់ ជាមួយនឹង ទ័ពបម្រុង ចំនួន ១,៥០០នាក់ ផ្សេងទៀត ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត