ស្តុកខុល ៖ មេដឹកនាំស៊ុយអែត បានថ្លែងបែបផ្លែផ្កាចំៗថា សហរដ្ឋអាមេរិក ហាក់ដូចជាខ្វះយុទ្ធសាស្ត្រស៊ីសង្វាក់គ្នា នៅក្នុងជម្លោះប្រដាប់អាវុធជាមួយអ៊ីរ៉ង់ ខណៈការអត្ថាធិប្បាយនេះ បានបង្ហាញពីការរិះគន់កាន់តែខ្លាំងឡើង ក្នុងចំណោមមេដឹកនាំអឺរ៉ុបលើសម្ព័ន្ធមិត្តណាតូរបស់ខ្លួនមួយនេះ ។
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃ ពុធ ថា ភាពមិនច្បាស់លាស់នៅតែមាន ជុំវិញវិធីសាស្រ្តដែលអាមេរិកនឹងប្រើប្រាស់ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ក្នុងការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ។
នៅពេលត្រូវបានសាកសួរអំពីទិសដៅនៃវិធីសាស្រ្តរបស់អាមេរិក លោកនាយករដ្ឋមន្រ្តី Kristersson បានឆ្លើយតបយ៉ាងខ្លីថា ឥឡូវនេះ រូបលោកកំពុងព្យាយាមស្វែងយល់ពីយុទ្ធសាស្ត្រស៊ីសង្វាក់គ្នាណាមួយ នៅពីក្រោយជម្លោះប្រដាប់អាវុធរវាងអាមេរិក និងអ៊ីរ៉ង់ ។
ក្រៅពីលោក Kristersson មេដឹកនាំអឺរ៉ុបដទៃទៀត មានដូចជាអាល្លឺម៉ង់ និងបារាំង ក៏បាននិយាយដៀមដាមចំៗលើអាមេរិកផងដែរ ពាក់ព័ន្ធនឹងការខ្វះយុទ្ធសាស្រ្តច្បាស់លាស់ និងភាពស៊ីសង្វាក់គ្នា ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោនបានរងភាពអាម៉ាស់ ពីព្រោះការចរចាសន្តិភាពនៅតែជាប់គាំង ។
គួរបញ្ជាក់ថា អាមេរិក និងសម្ព័ន្ធមិត្តដែកថែបរបស់ខ្លួន គឺអ៊ីស្រាអែល បានចាប់ផ្តើមវាយលុករួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលជំរុញឱ្យទីក្រុងតេហេរ៉ង់សងសឹកវិញ ដោយការវាយប្រហារលើអ្វីដែលខ្លួនពិពណ៌នាថា ជាផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោននៅទូទាំងតំបន់មជិ្ឈមបូព៌ា ភាគច្រើនស្ថិតនៅក្នុងប្រទេសឈូងសមុទ្រ ។
យ៉ាងណា សង្គ្រាមនេះបានឈានដល់បទឈប់បាញ់មួយនៅថ្ងៃទី៨ ខែមេសា ដោយសារការសម្របសម្រួលរបស់ប៉ាគីស្ថាន ។ ក្រោយមក ក៏មានការចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ដែលបានរៀបចំនៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃទី១១ និង១២ ខែមេសា ប៉ុន្តែការចរចានោះបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងអ្វីសោះ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា