ប៉ារីស ៖ មេដឹកនាំបារាំង នៅថ្ងៃ ពុធ បានព្រមានធ្ងន់ៗថា ភ្លើងសង្គ្រាមដែលកំពុងឆាបឆេះឡើងនៅក្នុងប្រទេសអ៊ុយក្រែន និងមជ្ឈិមបូព៌ា កំពុងជះឥទ្ធិពលកាន់តែអាក្រក់ខ្លាំងឡើងដល់ហិរញ្ញវត្ថុក្នុងគ្រួសារ ព្រមទាំងសេដ្ឋកិច្ចជាតិយ៉ាងទូលំទូលាយ ។

នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បានប្រាប់ព្រឹទ្ធសភាថា យើងមិនត្រូវលាក់បាំងប្រជាជនបារាំង អំពីផលប៉ះពាល់បង្កឡើងដោយសង្គ្រាមទាំងពីរ ដែលយើងកំពុងជួបប្រទះនោះទេ មួយគឺសង្គ្រាមអ៊ុយក្រែន និងមួយទៀតគឺសង្គ្រាមមជ្ឈិមបូព៌ា ។
លោក Lecornu បានសង្កត់ធ្ងន់ថា បើជម្លោះកាន់តែអូសបន្លាយ នោះផលប៉ះពាល់កាន់តែរីកធំឡើង ជាពិសេសបំផ្លាញលុយក្នុងកាបូបរបស់ប្រជាជនបារាំង ហើយមិនយូរមិនឆាប់ វានឹងបំផ្លាញដល់សេដ្ឋកិច្ចទាំងមូលរបស់ប្រទេសបារាំង ។
លោក Lecornu ដែលមានវ័យ៤០ឆ្នាំរូបនេះ បានព្រមានថា វិបត្តិដែលប្រទេសបារាំងកំពុងជួបប្រទះនេះ គឺជារឿងធ្ងន់ធ្ងរ ហើយវានឹងអូសបន្លាយយូរអង្វែង ។ ប៉ុន្តែទោះបីជាយ៉ាងណា រដ្ឋាភិបាលនឹងមិនទុកនរណាម្នាក់ចោលឡើយ ហើយវិធានការគាំទ្រ នឹងនៅតែបន្តជួយដល់វិស័យនានាដែលរងផលប៉ះពាល់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា