មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងក្នុងសុន្ទរកថាទៅកាន់សន្និសីទពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) កាលពីថ្ងៃ ពុធថា ប្រទេសរុស្ស៊ី ក្នុងនាមជាភាគីទទួលខុសត្រូវ និងជាភាគីធានាសន្តិសុខនៃសន្ធិសញ្ញា NPT នឹងគោរពយ៉ាងម៉ឺងម៉ាត់ តាមខ្លឹមសារ និងស្មារតីនៃសន្ធិសញ្ញាអន្តរជាតិនេះ ។
លោក Putin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលអានដោយលោក Andrey Ivanovich Belousov ឯកអគ្គរដ្ឋទូតជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ី នៅក្នុងសន្និសីទនៅទីស្នាក់ការកណ្តាលយូអិនក្នុងទីក្រុងញូវយ៉កថា យើងជឿជាក់ថា ក្នុងពេលស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងពហុភាគីនិយមបន្ថែមទៀត គឺត្រូវការជាចាំបាច់ ។
លោកថា ការនេះ គឺដើម្បីបង្កើតលក្ខខណ្ឌនានាសម្រាប់វឌ្ឍនភាពនៅលើមាគ៌ាឆ្ពោះទៅរកការកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ខណៈរុស្ស៊ីនៅតែប្រកាន់ភ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍មិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ភាគីណាមួយ ។
បើតាមសេចក្តីថ្លែងការណ៍ដដែល ប្រទេសរុស្ស៊ី ជាអ្នកដឹកនាំក្នុងវិស័យថាមពលនុយក្លេអ៊ែរ ត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ជាមួយភាគីសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលមានចំណាប់អារម្មណ៍ ។
លោក Putin បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត គឺត្រូវការជាចាំបាច់ ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការឈានទៅមុខឆ្ពោះទៅរកពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ ក្នុងចំណោមបរិយាកាសសន្តិសុខសកលដ៏លំបាកមួយ ។
ទន្ទឹមគ្នា ប្រទេសរុស្ស៊ីរំពឹងថា សន្និសីទនេះ នឹងក្លាយជាផលិតភាព ហើយរួមចំណែកដល់របបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរសកល ។ សន្និសីទពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញា NPT បានចាប់ផ្តើមកាលពីថ្ងៃ ចន្ទ ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី២២ ខែឧសភាខាងមុខ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា