ហ្សឺណែវ ៖ ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលឆាបឆេះនៅខែចុងខែកុម្ភៈ បានទាញទម្លាក់តម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសសកល ថមថយចុះចំនួន ៤,៨% ក្នុងខែមីនា ឆ្នាំ២០២៦ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ហ្សឺណែវ ៖ ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលឆាបឆេះនៅខែចុងខែកុម្ភៈ បានទាញទម្លាក់តម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសសកល ថមថយចុះចំនួន ៤,៨% ក្នុងខែមីនា ឆ្នាំ២០២៦ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ហៅកាត់ IATA បានឱ្យដឹងកាលពីថ្ងៃ ពុធ ថា ក្នុងខែមីនាឆ្នាំនេះ តម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ពិភពលោក បានដាំក្បាលចុះរហូតដល់ ៤,៨% បើធៀបនឹងឆ្នាំមុន ហើយមូលហេតុចម្បង គឺដោយសាររងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា ។
យោងតាមទិន្នន័យរបស់ IATA, តម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ា បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ ៥៤,៣% ដែលនេះជាការថមថយខ្លាំងបំផុត ក្នុងចំណោមតំបន់ផ្សេងទៀតលើពិភពលោក ។
ជុំវិញបញ្ហានេះ អគ្គនាយក IATA លោក Willie Walsh និយាយថា ការធ្លាក់ចុះដ៏ធំនេះ ភាគច្រើនរងការរំខានយ៉ាងធ្ងន់ធ្ងរនៅឯមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងប្រទេសឈូងសមុទ្រធំៗ ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។
ទោះបីមានការធ្លាក់ចុះក៏ដោយ លោក Walsh នៅតែមានសុទិដ្ឋិនិយមថា និន្នាការនៃតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសនៅតែរឹងមាំ ស្របពេលមានការកែប្រែថ្មីៗចំពោះការព្យាករណ៍ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុកសរុប (GDP) ដោយអង្គការពាណិជ្ជកម្មពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅតែចង្អុលបង្ហាញពីកំណើននៅឆ្នាំ ២០២៦នេះ ។
លោក Walsh បន្ថែមថា សម្រាប់តម្លៃ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ គឺគ្រាន់តែជាការសាកល្បងភាពធន់របស់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក នៅក្នុងខែខាងមុខប៉ុណ្ណោះ ។
បើតាមទិន្នន័យរបស់ IATA, តម្លៃប្រេងឥន្ធនៈយន្តហោះ បានកើនឡើង ១០៦,៦% នៅក្នុងខែមីនា បើធៀបនឹងឆ្នាំមុន បូករួមនឹងការកើនឡើង ៤៣,១% នៃតម្លៃប្រេងឆៅ និងការកើនឡើង ៣២% នៃប្រេងចម្រាញ់រួច ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

