តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដំណើរការផ្លូវការទូត ក្នុងការដោះស្រាយដ៏យុត្តិធម៌មួយ ដែលធានាសន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងតំបន់ ប៉ុន្តែរឿងនេះ វាអាស្រ័យលើភាគីអាមេរិក ក្នុងការបញ្ឈប់ “វិធីសាស្រ្តជ្រុលនិយម” និង “សកម្មភាពញុះញង់” របស់ខ្លួន ។
ការអះអាងនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃ ព្រហស្បតិ៍ ។
នៅក្នុងការជជែកនោះ លោក Pezeshkian បានពណ៌នាសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិក ថា ជា “ការញុះញង់” ហើយថា ការបិទច្រកកំពង់ផែអ៊ីរ៉ង់ គឺជាទង្វើមិនអាចទទួលយកបាន រួមទាំងរំលោភលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ភាពអសន្តិសុខនៅឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz គឺជាលទ្ធផលនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ។
ដូច្នេះហើយ ប្រទេសទាំងអស់គួរតែមានជំហររឹងមាំប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់ការធ្វើនាវាចរណ៍អន្តរជាតិ ។
ជាការឆ្លើយតប លោកស្រីនាយករដ្ឋមន្រ្តី Takaichi និយាយថា ភាពតានតឹងនៅមជ្ឈិមបូព៌ា គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ហើយជប៉ុនសង្ឃឹមថា ការចរចារវាងអ៊ីរ៉ង់-សហរដ្ឋអាមេរិក នឹងបន្តឡើងវិញក្នុងពេលឆាប់ៗនេះ ហើយកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ នឹងត្រូវបានសម្រេច ៕
ប្រភព ៖ Turkiye today ប្រែសម្រួល ៖ ឈឹម ទីណា