ហ៊្សេរុយសាឡិម ៖ ប្រមុខការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានបោះពាក្យសម្តីព្រមានទុកជាមុនថា សង្គ្រាមជាមួយអ៊ីរ៉ង់ អាចនឹងផ្ទុះឡើងសាជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះ ។

ហ៊្សេរុយសាឡិម ៖ ប្រមុខការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានបោះពាក្យសម្តីព្រមានទុកជាមុនថា សង្គ្រាមជាមួយអ៊ីរ៉ង់ អាចនឹងផ្ទុះឡើងសាជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះ ។
ការព្រមាននេះកើតឡើង ចំពេលដែលនាវាដឹកទំនិញរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿងដែលផ្ទុកជំនួយយោធាមានទម្ងន់ប្រហែល ៦,៥០០ តោន បានចូលចតនៅកំពង់ផែក្នុងទីក្រុង Ashdod និងទីក្រុង Haifa កាលពីថ្ងៃព្រហស្បតិ៍ ។
បើតាមមន្រ្តីអ៊ីស្រាអែល, កញ្ចប់ជំនួយយោធាដែលទើបទទួលបានក្នុងពេល ២៤ ម៉ោងទាំងនោះ រួមមានគ្រាប់រំសេវ និងគ្រឿងសព្វាវុធយោធាជាដើម ។ អាមេរិក គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ីស្រាអែល ដើម្បីគាំទ្រដល់សមត្ថភាពការពារខ្លួន និងប្រតិបត្តិការយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា ។
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz និយាយថា វាអាចទៅរួច ដែលអ៊ីស្រាអែលនឹងត្រូវធ្វើសកម្មភាពវាយប្រហារម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចទៅតាមគោលបំណង ។
កាលពីសប្តាហ៍មុន ប្រមុខការពារជាតិដែលមានវ័យ ៧១ ឆ្នាំរូបនេះ ក៏បានបង្ហើបឱ្យដឹងផងដែរថា អ៊ីស្រាអែល កំពុងរង់ចាំការបើក «ភ្លើងបៃតង» ពីសហរដ្ឋអាមេរិក ដើម្បីបន្តសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។
បើតាមកាសែត Axios, ទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM បានរៀបចំផែនការសង្គ្រាមរួចរាល់ហើយ រួមមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់កាន់តែទូលំទូលាយ និងការបង្កើនសម្ពាធខាងកងទ័ពជើងទឹកនៅច្រកសមុទ្រ Hormuz ។
ច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់ស្ទើរទាំងស្រុង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាវាយប្រហារអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ដែលជំរុញឱ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងសម្ព័ន្ធមិត្តអាមេរិកនៅក្នុងប្រទេសឈូងសមុទ្រ ។
យ៉ាងណា ជម្លោះនៅមជ្ឈិមបូព៌ានេះ បានឈានដល់បទឈប់បាញ់មួយ នៅថ្ងៃទី៨ ខែមេសា ដោយមានការសម្របសម្រួលរបស់ប៉ាគីស្ថាន ។
ក្រោយមក ការចរចាបញ្ឈប់សង្គ្រាមរវាងអាមេរិក-អ៊ីរ៉ង់ ក៏បានចាប់ផ្តើមនៅទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី១១ ខែមេសា ប៉ុន្តែមកទល់ពេលនេះ ភាគីជម្លោះនៅតែមិនអាចសម្រេចកិច្ចព្រមព្រៀងណាមួយបានឡើយ ៕
ប្រភព ៖ Anadolu សម្រួល ៖ ឈឹម ទីណា

