វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយ កាលពីថ្ងៃសុក្រថា លោកមិនពេញចិត្ត ចំពោះសំណើចរចាថ្មី របស់អ៊ីរ៉ង់។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយ កាលពីថ្ងៃសុក្រថា លោកមិនពេញចិត្ត ចំពោះសំណើចរចាថ្មី របស់អ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានប្រគល់សេចក្តីព្រាងចរចានេះ ទៅឱ្យអ្នកសម្របសម្រួល ប៉ាគីស្ថាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយមិនបានបញ្ជាក់លម្អិត អំពីខ្លឹមសារនោះឡើយ។
លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «នៅពេលនេះ ខ្ញុំមិនពេញចិត្តនឹងអ្វីដែលពួកគេ កំពុងផ្តល់ជូននោះទេ» ដោយលោកបានស្តីបន្ទោសការចរចារ ដែលជាប់គាំង លើការមិនចុះសម្រុងគ្នាយ៉ាងខ្លាំង នៅក្នុងការដឹកនាំ របស់ប្រទេសអ៊ីរ៉ង់។ លោកថែមទាំងគំរាម វាយកម្ទេច អ៊ីរ៉ង់ ជាថ្មី ពោលគឺបំផ្ទុះគ្រាប់ ឲ្យដូចការចុះនរក ប្រសិនបើ នៅតែមិនមានកិច្ចព្រមព្រៀង។
សង្រ្គាមដែលបានចាប់ផ្តើម ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានផ្អាកវិញ ចាប់តាំងពីថ្ងៃទី៨ ខែមេសា ដោយសារមានតែការចរចាដោយផ្ទាល់១ជុំ តែ បរាជ័យ លើការសម្រេចកិច្ចព្រមព្រៀង ហើយបន្តជាប់គាំង រហូតមកដល់ពេលនេះ។
អ៊ីរ៉ង់ បានរក្សាការបិទ នៅលើច្រកសមុទ្រ Hormuz ដោយបានរាំងខ្ទប់ លំហូរប្រេង ឧស្ម័ន និងជីកសិកម្ម សំខាន់ៗ របស់ពិភពលោក ខណៈដែលសហរដ្ឋអាមេរិក បានដាក់ការទប់ស្កាត់ បិទខ្ទប់ប្រឆាំងនឹងកំពង់ផែ អ៊ីរ៉ង់ វិញ។
លោក Trump និយាយថា ការសម្រេចបិទផ្លូវសមុទ្រទាំងនេះ គឺដើម្បីបំបែកភាពជាប់គាំង នៅលើតុចរចា និងដើម្បីបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់អាមេរិក តាមរយៈការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសឥស្លាមមួយនេះ ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
