វ៉ាស៊ីនតោន ៖ សង្គ្រាមអ៊ីរ៉ង់បានផ្តល់ឱកាសដ៏កម្រទៅឱ្យប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ដើម្បីសិក្សាស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃសព្វាវុធ ក៏ដូចជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោករបស់សហរដ្ឋអាមេរិក ។

វ៉ាស៊ីនតោន ៖ សង្គ្រាមអ៊ីរ៉ង់បានផ្តល់ឱកាសដ៏កម្រទៅឱ្យប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ដើម្បីសិក្សាស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃសព្វាវុធ ក៏ដូចជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោករបស់សហរដ្ឋអាមេរិក ។
បើតាម Wall Street Journal, ប្រទេសសម្ព័ន្ធមិត្តទាំង ៣ នេះ បានមើលឃើញពីចំណុចខ្លាំងនៃអាវុធថ្មីៗរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចេញជាលើកដំបូង ក្នុងនោះរួមមានការវាយប្រហារតាមអាកាសក្នុងល្បឿនលឿនដូចផ្លេកបន្ទោល និងមានភាពជាក់លាក់ខ្ពស់ គួបផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យា AI ជាដើម ។
ប៉ុន្តែទន្ទឹមគ្នានេះ ប្រទេសទាំង ៣ ក៏បានមើលឃីញពីចំណុចខ្សោយផងដែរ ព្រោះអាមេរិកបានអស់គ្រាប់រំសេវ និងប្រព័ន្ធអាវុធសំខាន់ៗយ៉ាងឆាប់រហ័ស ជាពិសេសមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk និងមីស៊ីលការពារដែនអាកាស Patriot ។
បើតាមអ្នកវិភាគរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិក ហៅកាត់ CSIS, បច្ចុប្បន្នឃ្លាំងស្តុកទុកអាវុធសំខាន់ៗរបស់អាមេរិក មិនមានគ្រប់គ្រាន់ សម្រាប់ជម្លោះជាមួយសត្រូវនានា ដូចជាប្រទេសចិនជាដើម ។ អាមេរិកត្រូវការពេលយ៉ាងតិច ៤ ឆ្នាំ ទើបអាចផលិតអាវុធបំពេញឃ្លាំងស្តុងឲ្យបានដល់កម្រិតមុនសង្គ្រាម ។
លើសពីនេះ សម្ព័ន្ធមិត្តទាំង ៣ ក៏បានមើលឃើញពីរបៀបដែលយន្តហោះដ្រូនមានតម្លៃថោករបស់អ៊ីរ៉ង់ អាចបង្កការគំរាមកំហែងដល់សន្តិសុខសម្ព័ន្ធមិត្តឈូងសមុទ្ររបស់សហរដ្ឋអាមេរិកផងដែរ ។
យោងតាមរបាយការណ៍របស់កាសែត Wall Street Journal ដដែល, ឧបករណ៍យោធាមួយចំនួនរបស់អ៊ីរ៉ង់ គឺពឹងផ្អែកលើបច្ចេកវិទ្យារបស់ប្រទេសចិន ឬផ្គុំឡើងដោយគ្រឿងបន្លាស់របស់ចិន ដូច្នេះ ទីក្រុងប៉េកាំង អាចប្រមូលទិន្នន័យប្រតិបត្តិការ ជាពិសេសទាក់ទងនឹងវិធីសាស្រ្តដែលអ៊ីរ៉ង់កំណត់គោលដៅវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅតាមបណ្តាប្រទេសឈូងសមុទ្រ ។
សម្រាប់រុស្ស៊ីវិញ សង្គ្រាមអ៊ីរ៉ង់ ផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅ អំពីវិធីសាស្រ្តដែលអាវុធអាមេរិកប្រៀបធៀបទៅនឹងអាវុធអ៊ីរ៉ង់ ជាពិសេសនៅក្នុងបរិបទនៃសង្គ្រាមបច្ចេកវិទ្យាយន្តហោះដ្រូន ។
ការយល់ដឹងទាំងនេះ គឺពិតជាមានតម្លៃខ្លាំងសម្រាប់រុស្ស៊ី ក្នុងអំឡុងពេលមានសង្គ្រាមជាមួយអ៊ុយក្រែន ដែលជាប្រទេសពឹងផ្អែកខ្លាំងលើកម្លាំងអាវុធរបស់សហរដ្ឋអាមេរិក និងក្នុងករណីមានជម្លោះនាពេលអនាគតជាមួយសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប ៕
ប្រភព ៖ Wall Street Journal ប្រែសម្រួល ៖ ឈឹម ទីណា

