វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅកិច្ចប្រជុំកំពូលជាមួយមេដឹកនាំចិន លោក Xi Jinping នាពេលខាងមុខ “មានសារៈសំខាន់ខ្លាំងបំផុត” និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងប៉េកាំង នៅចុងខែ ឧសភា នេះ ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅកិច្ចប្រជុំកំពូលជាមួយមេដឹកនាំចិន លោក Xi Jinping នាពេលខាងមុខ “មានសារៈសំខាន់ខ្លាំងបំផុត” និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងប៉េកាំង នៅចុងខែ ឧសភា នេះ ។
លោក Trump បានធ្វើដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតទៅកាន់ប្រទេសចិន ក្នុងឆ្នាំ ២០១៧ ។
សម្រាប់ដំណើរទស្សនកិច្ចនៅខែ ឧសភា នេះ នឹងក្លាយជាជំនួបទល់មុខលើកដំបូងបំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០២៥ ជាពេលដែលមេដឹកនាំទាំងពីរបានជួបគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានព្រមព្រៀងផ្អាកសង្រ្គាមពាណិជ្ជកម្ម ។
ថ្លែងក្នុងកិច្ចប្រជុំកំពូល នៃអាជីវកម្មខ្នាតតូចមួយនៅឯសេតវិមាន កាលពីថ្ងៃ ចន្ទ លោក Trump បានចាត់ទុកការរត់ប្រណាំងខាងបច្ចេកវិទ្យារវាងប្រទេសទាំងពីរថា ជា “ការប្រកួតប្រជែង” ប៉ុន្តែ “មានភាពស្និទ្ធស្នាល” ។
បើតាម Anadolu, លោក Trump បាននិយាយយ៉ាងដូច្នេះថា យើងកំពុងនាំមុខប្រទេសចិន ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ប៉ុន្តែយើងក៏មានការប្រកួតប្រជែងដ៏រួសរាយរាក់ទាក់ដែរ ។
ខ្ញុំនឹងទៅជួបលោកប្រធានាធិបតី Xi Jinping ក្នុងរយៈពេលពីរសប្តាហ៍ទៀត ។ ខ្ញុំទន្ទឹងរង់ចាំរឿងនោះកើតឡើង… ហើយវានឹងក្លាយជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ ។
ដំណើរទស្សនកិច្ចរបស់លោក Trump ដែលដើមឡើយ គ្រោងធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនា ត្រូវបានពន្យារពេល បន្ទាប់ពីអាមេរិក និង អ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណៈរដ្ឋឥស្លាមមួយនេះ ។
ជាការឆ្លើយតប អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែល និង បណ្តារដ្ឋសម្ព័ន្ធមិត្តរបស់អាមេរិកនៅឈូងសមុទ្រពែរ្ស ហើយបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់ដឹកញ្ជូនប្រេង និង ឧស្ម័នធម្មជាតិរាវរបស់ពិភពលោក ជាហេតុនាំឱ្យមានវិបត្តិប្រេងឥន្ធនៈជាសកល រហូតមកដល់ពេលបច្ចុប្បន្ននេះ ៕


ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
