វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងសាជាថ្មីថា សហរដ្ឋអាមេរិកគ្មានថ្ងៃបើកដៃឱ្យប្រទេសអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរបានជាដាច់ខាត ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងសាជាថ្មីថា សហរដ្ឋអាមេរិកគ្មានថ្ងៃបើកដៃឱ្យប្រទេសអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរបានជាដាច់ខាត ។
លោកប្រធានាធិបតី Trump បានថ្លែងក្នុងកិច្ចប្រជុំកំពូល នៃក្រុមអាជីវកម្មខ្នាតតូចមួយនៅសេតវិមាន កាលពីថ្ងៃ ចន្ទ ថា យើងនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃបានទេ ។
មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ពួកគេ (អ៊ីរ៉ង់) គ្មានកងទ័ពជើងទឹក កងទ័ពជើងអាកាស គ្មានឧបករណ៍ប្រឆាំងយន្តហោះ គ្មានប្រព័ន្ធរ៉ាដា និង គ្មានមេដឹកនាំទេ ។ តាមពិតទៅ មេដឹកនាំអ៊ីរ៉ង់ក៏បានចាកចេញពីប្រទេសដែរ ប៉ុន្តែទោះជាយ៉ាងណា យើងក៏នឹងមិនបើកដៃឱ្យពួកគេមានអាវុធនុយក្លេអ៊ែរបានទេ ។
ឆ្លៀតឱកាសនោះ លោកប្រធានាធិបតី Trump បានថ្លែងការពារប្រតិបត្តិការយោធារបស់អាមេរិកនៅអ៊ីរ៉ង់ថា ជាជំហានសំខាន់មួយ ដើម្បីការពារប្រទេសនេះ ពីការទទួលបានអាវុធប្រល័យលោក ។
លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា វាមានតម្លៃណាស់ ក្នុងការកម្ចាត់ក្រុមមនុស្សឆ្កួត ដែលចង់បានអាវុធនុយក្លេអ៊ែរ យកទៅបំផ្លាញប្រទេសនានា ដោយគ្រាន់តែចុចប៊ូតុងប៉ុណ្ណោះ ។ រឿងនេះ វាគួរតែត្រូវបានធ្វើជាយូរមកហើយ ប៉ុន្តែខ្ញុំមានមោទនភាពណាស់ដែលបានធ្វើវា ។
បើតាម Anadolu, ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានរួមគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅតាមបណ្តាប្រទេសឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz ។
យ៉ាងណា សង្គ្រាមនេះបានឈានដល់បទឈប់បាញ់មួយនៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដបានបរាជ័យ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ។ ក្រោយមក បទឈប់បាញ់នេះ ត្រូវបានពង្រីកដោយលោក Trump ដោយគ្មានកាលកំណត់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា


