គែរ ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយកាលពីថ្ងៃ ចន្ទ ថា ប្រទេសរបស់លោកបានខាតលុយដល់ទៅ ១០ ពាន់លានដុល្លារពីព្រែកជីកស៊ុយអេ ដោយសារតែការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Bab al-Mandab ដែលជាលទ្ធផលផ្តើមចេញពីសង្គ្រាមហ្គាហ្សា ។

ច្រកសមុទ្រក្រហម Bab al-Mandab គឺជាផ្លូវដឹកជញ្ជូនទំនិញយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក សម្រាប់ការផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ បន្ទាប់ពីព្រែកជីកស៊ុយអេ និងច្រកសមុទ្រ ហ័រមូស ។
ប៉ុន្តែចំនួននាវាដែលឆ្លងកាត់ព្រែកជីកស៊ុយអេ ដែលជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់មួយរបស់ប្រទេសអេហ្ស៊ីប បានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែក្រុមហ៊ូធី នៅយេម៉ែន បានវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលលើនាវានានានៅសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសម្តែងការប្រឆាំងនឹងសង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា ។
ពាក់ព័ន្ធនឹងបញ្ហាធ្លាក់ចុះប្រាក់ចំណូលរបស់ព្រែកជីកស៊ុយអេ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានអះអាងថា គឺបណ្តាលមកពីការវាយប្រហារជាបន្តបន្ទាប់លើនាវានៅច្រកសមុទ្រ Bab al-Mandab ដែលជាផ្លូវទឹកមមារញឹកដ៏សំខាន់មួយ ដែលតភ្ជាប់សមុទ្រក្រហមទៅនឹងឈូងសមុទ្រ Aden ទើបកាត់បន្ថយចរាចរណ៍របស់កប៉ាល់ដឹកទំនិញឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ ។
យោងតាមប្រធានអាជ្ញាធរព្រែកស៊ុយអេ លោក Osama Rabie, ប្រាក់ចំណូលព្រែកជីកនេះ បានដាំក្បាលចុះដល់ទៅ ៦៦% ក្នុងឆ្នាំ ២០២៤ មានត្រឹម ៣,៩ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ ២០២៣ មានចំនួនរហូតដល់ ១០,២ ពាន់លានដុល្លារ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា