វ៉ាសូវី ៖ ប្រមុខការពារជាតិប៉ូឡូញ បានព្រមានពីហានិភ័យនៃការបង្កើនឃ្លាំងស្តុកអាវុធឡើងវិញយឺតយ៉ាវ ហើយថែមទាំងជំរុញឱ្យបណ្តាប្រទេសសមាជិកអង្គការណាតូ ត្រូវឈានដល់គោលដៅសម្ព័ន្ធមិត្ត ក្នុងការចំណាយ ៥% នៃផលិតផលក្នុងសុ្រកសរុប (GDP) លើវិស័យការពារជាតិក្នុងពេល ៥ ឆ្នាំ មុនកាលបរិច្ឆេតកំណត់នៅឆ្នាំ ២០៣០ ។
ការព្រមានរបស់ប្រមុខការពារជាតិប៉ូឡូញ កើតឡើងចំពេលមានភាពមិនប្រាកដប្រជាពីអនាគតរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូ និងជម្លោះផ្ទៃក្នុងរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយសម្ព័ន្ធមិត្តណាតូ រួមមានអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ ដោយសារតែសង្គ្រាមអ៊ីរ៉ង់ ។
ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយកាលពីថ្ងៃ ពុធ ថា អឺរ៉ុបមានលទ្ធភាពអភិវឌ្ឍសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ក្នុងទំហំមិនអាចស្មានដឹងបាន ប៉ុន្តែពួកយើងត្រូវតែដឹងច្បាស់ថា ការបង្កើនការចំណាយលើវិស័យការពារជាតិ ៥% នៃ GDP គឺជាអាទិភាពនៅសព្វថ្ងៃនេះ ។
លោកបានសង្កត់ធ្ងន់ថា យើងមិនត្រូវបង្អែរបង្អង់រហូតដល់ឆ្នាំ ២០៣៥ នោះទេ សម្រាប់ការបង្កើនថ្លៃការពារជាតិ ៥% ។ វាត្រូវតែសម្រេចឲ្យបាននៅត្រឹមឆ្នាំ ២០៣០ ពីព្រោះវាអាចនឹងហួសពេល ។
បើតាម Straits Times, ក្នុងនាមជាសមាជិកអង្គការណាតូមានព្រំដែនជាប់រុស្ស៊ី និងអ៊ុយក្រែន ប្រទេសប៉ូឡូញបានបង្កើនការចំណាយផ្នែកយោធារបស់ខ្លួនធំជាងគេបំផុត ក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងពីរុស្ស៊ី ។
តួយ៉ាង ប៉ូឡូញ បានក្លាយជាប្រទេសជះលុយផ្នែកយោធាធំបំផុតរបស់អង្គការណាតូ ពាក់ព័ន្ធនឹងទំហំសេដ្ឋកិច្ចរបស់ខ្លួន ហើយពួកគេក៏មានគម្រោងចំណាយដល់ទៅ ៤,៨% នៃ GDP ពង្រឹងសមត្ថភាពលើវិស័យការពារជាតិ ក្នុងឆ្នាំ ២០២៦នេះ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា