បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង បញ្ជូននាវាផ្ទុកយន្តហោះចម្បាំងទៅសមុទ្រក្រហម ក្នុងបេសកកម្មរំដោះច្រកសមុទ្រ Hormuz

បារាំង បញ្ជូននាវាផ្ទុកយន្តហោះចម្បាំងទៅសមុទ្រក្រហម ក្នុងបេសកកម្មរំដោះច្រកសមុទ្រ Hormuz

ប៉ារីស ៖ ប្រទេសបារាំង បានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង អមដោយនាវាពិឃាតជាច្រើនគ្រឿង ធ្វើដំណើរតម្រស់ឆ្ពោះទៅកាន់ដែនទឹកសមុទ្រក្រហម ដែលនេះជាផ្នែកមួយនៃគម្រោងបេសកកម្មដ៏មានសក្តានុពល ដើម្បីធានាសុវត្ថិភាព និងរំដោះច្រកសមុទ្រ Hormuz ។

Advertisement

លើសពីនេះ វាក៏ជាសារមួយផ្ញើទៅកាន់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឱ្យពិចារណាអំពីផលប៉ះពាល់ចំពោះសេដ្ឋកិច្ចពិភពលោក ដែលកើតចេញពីជម្លោះរបស់ពួកគេ ជុំវិញការបិទច្រកសមុទ្រដ៏សំខាន់មួយនេះ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ទាហានបារាំង, នាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle របស់ប្រទេសបារាំង ដែលអមដំណើរដោយនាវាចម្បាំងអ៊ីតាលី និងហូឡង់ កំពុងបណ្តែតខ្លួនលើផ្ទៃទឹកតម្រង់ឆ្ពោះទៅកាន់សមុទ្រក្រហម ភាគខាងត្បូង ។

នាវាផ្ទុកយន្តហោះចម្បាំងបារាំងនេះ ត្រូវបានដាក់ពង្រាយនៅតំបន់មេឌីទែរ៉ាណេ ភាគខាងកើត ចាប់តាំងពីពេលដែលអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់ ហើយវាមានសមត្ថភាពអាចធ្វើប្រតិបត្តិការលើផ្ទៃសមុទ្របានរយៈពេលពី ៤ ទៅ ៥ ខែ ។

បើតាម Straits Times, ការដាក់ពង្រាយនាវា Charles de Gaulle គឺមានគោលបំណងវាយតម្លៃលើបរិយាកាសប្រតិបត្តិការក្នុងតំបន់ ពង្រីកជម្រើសគ្រប់គ្រងវិបត្តិដើម្បីពង្រឹងសន្តិសុខ ធ្វើសមាហរណកម្មទ្រព្យសម្បត្តិរបស់ប្រទេសដៃគូ ក្នុងក្របខ័ណ្ឌការពារជាតិ ស្របតាមច្បាប់អន្តរជាតិ និងជួយធានាដល់ភាគីពាក់ព័ន្ធ ពីការធ្វើពាណិជ្ជកម្មតាមសមុទ្រ ។

គំនិតផ្តួចផ្តើមនេះទៀតសោត ធ្វើឡើងបន្ទាប់ពីបារាំង និងចក្រភពអង់គ្លេស បានធ្វើការលើគម្រោងមួយអស់រយៈពេលច្រើនសប្តាហ៍មកហើយ ដែលមានគោលបំណងកសាងមូលដ្ឋានគ្រឹះ សម្រាប់ការដឹកជញ្ជូនដោយសុវត្ថិភាព ឆ្លងកាត់ច្រកសមុទ្រ Hormuz នៅពេលដែលស្ថានការណ៍មានស្ថិរភាព ឬជម្លោះត្រូវបានដោះស្រាយ ។

យ៉ាងណា ផែនការនេះ ក៏នឹងតម្រូវឱ្យមានការសម្របសម្រួលជាមួយអ៊ីរ៉ង់ផងដែរ ហើយប្រទេសចំនួន ១០ ក៏បានបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងបេសកកម្មនេះផងដែរ ។

ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។

ការបិទខ្ទប់នេះ បណ្ដាលកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា