ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី កាលពីថ្ងៃពុធបានចេញមុខរិះគន់ប្រទេសជប៉ុន ជុំវិញការបាញ់សាកល្បងមីស៊ីលប្រយុទ្ធនៅក្រៅប្រទេសជាលើកដំបូងក្នុងពេល ៨ ទសវត្សរ៍ ពោលគឺចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី កាលពីថ្ងៃពុធបានចេញមុខរិះគន់ប្រទេសជប៉ុន ជុំវិញការបាញ់សាកល្បងមីស៊ីលប្រយុទ្ធនៅក្រៅប្រទេសជាលើកដំបូងក្នុងពេល ៨ ទសវត្សរ៍ ពោលគឺចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។
បើតាម South China Morning Post, ជប៉ុនបានបាញ់សាកល្បងមីស៊ីលប្រភេទ Type 88 ចេញពីដីគោកឆ្ពោះទៅសមុទ្រ ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធារួមគ្នាមានឈ្មោះថា “Balikatan 2026” ជាមួយអាមេរិក និងហ្វីលីពីន ។
អំឡុងពេលធ្វើតេស្ត មីស៊ីលប្រឆាំងនាវាចម្បាំងផលិតក្នុងស្រុករបស់ប្រទេសជប៉ុននេះ មានសមត្ថភាពហោះក្នុងចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រ ឬចាយពេលត្រឹម ៦ នាទីប៉ុណ្ណោះ អាចហោះបានចម្ងាយ ៧៥ គីឡូម៉ែត្រ ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយ ថា កងកម្លាំងស្តាំនិយមរបស់ជប៉ុន កំពុងជំរុញល្បឿនបង្កើតកម្លាំងយោធាឡើងវិញ ហើយថា យោធានិយមបែបថ្មីរបស់ជប៉ុន កំពុងកើនឡើង និងបង្កការគំរាមកំហែងដល់សន្តិភាព រួមទាំងស្ថិរភាពក្នុងតំបន់ ។
លោកថា ជប៉ុនបានបរាជ័យ ក្នុងការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររបស់ខ្លួន ។ ផ្ទុយទៅវិញ ជប៉ុនបែរជាបានបញ្ជូនកងកម្លាំងយោធាទៅក្រៅប្រទេស និងបាញ់មីស៊ីលប្រយុទ្ធ ក្រោមលេសនៃអ្វីដែលហៅថា “កិច្ចសហប្រតិបត្តិការសន្តិសុខ” ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា និន្នាការនេះ បានបង្ហាញជាថ្មីម្តងទៀតថា កងកម្លាំងស្តាំនិយមរបស់ជប៉ុន កំពុងជំរុញប្រទេសនេះឱ្យពន្លឿនដំណើរការកសាងកម្លាំងយោធាឡើងវិញ ខណៈដែលគោលនយោបាយ និងសកម្មភាពមួយចំនួនរបស់ខ្លួន បានដើរហួសពីវិសាលភាពនៃស្វ័យការពារ ៕
ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា
