អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថាន នៅថ្ងៃ ព្រហស្បតិ៍ បានសម្តែងក្តីសង្ឃឹមខ្ពស់ថា កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងកើតឡើងឆាប់ៗនេះ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដ មិនបានបញ្ជាក់ច្បាស់ ថាតើកិច្ចព្រមព្រៀងនោះ នឹងធ្វើឡើងនៅទីណា ឬពេលណាទេ ។
ក្តីសង្ឃឹមរបស់ប៉ាគីស្ថាន ធ្វើឡើងចំពេលដែលអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមបាញ់ប្រហារគ្នាទៅវិញទៅមកជាថ្មី កាលពីថ្ងៃ ព្រហស្បតិ៍ ប៉ុន្តែលោកប្រធានាធិបតី Donald Trump បានអះអាងថា បទឈប់បាញ់នៅតែមានប្រសិទ្ធភាព ។
យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Tahir Andrabi បាននិយាយថា ប៉ាគីស្ថាន នឹងស្វាគមន៍រាល់ការដោះស្រាយជម្លោះដោយសន្តិវិធីរវាងអ៊ីរ៉ង់ និងអាមេរិកនៅគ្រប់ទីកន្លែងតាមដែលអាចធ្វើបាន ។
លោកថា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពមួយ ត្រូវបានសម្រេចនៅប៉ាគីស្ថាន នោះវាគឺជាកិត្តិយសណាស់សម្រាប់យើង ។ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក, ទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់កំពុងខិតជិតដល់ការចុះអនុស្សរណៈយោគយល់គ្នាមួយ ។
រីឯប្រភពពីរដ្ឋាភិបាលវិញ ប៉ាគីស្ថានអាចនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពជុំទីពីរ ដែលជាប់គាំងរវាងអាមេរិក-អ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ហើយរំពឹងថា ភាគីជម្លោះទាំងពីរ នឹងឈានដល់កិច្ចព្រមព្រៀង “បឋម” មុនដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសចិន ។
សូមរម្លឹកថា ប៉ាគីស្ថានបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពជុំទីមួយរវាងអាមេរិក-អ៊ីរ៉ង់ នៅថ្ងៃទី១១ ដល់១២ ខែមេសា ប៉ុន្តែបានបរាជ័យ មិនអាចឈានដល់ការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា