វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានក្លាយជាប្រទេសនាំមុខគេ ជំរុញបំណុលសកលហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជិត ៣៥៣ ទ្រីលានដុល្លារ ។
យោងតាមរបាយការណ៍ចុងក្រោយបង្អស់ពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិហៅកាត់ (IIF), បន្ទាប់ពីពិភពលោកបានខ្ចីលុយបន្ថែមជាង ៤,៤ ទ្រីលានដុល្លារ ត្រឹមតែក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ប្រការនេះបានធ្វើឱ្យបំណុលសកល ហក់ឡើងដល់កម្រិតកំណត់ត្រាថ្មី ជិត ៣៥៣ ទ្រីលានដុល្លារ ។
និន្នាការកើនឡើងបំណុលដ៏ធំសម្បើមនេះ ស្មើនឹងប្រមាណ ៣០៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកទាំងមូល ក្នុងនោះរួមមានទាំងបំណុលរដ្ឋាភិបាល បំណុលសហគ្រាស បំណុលគ្រួសារ និងបំណុលក្នុងវិស័យហិរញ្ញវត្ថុ ក្រោមរូបភាពជាសញ្ញាបណ្ណ និងប្រាក់កម្ចីផ្សេងៗ ។
បើតាម The Straits Times, ក្នុងត្រីមាសទី១ឆ្នាំនេះ ការកើនឡើងបំណុលយ៉ាងឆាប់រហ័សបំផុត បណ្តាលមកពីសកម្មភាពខ្ចីប្រាក់របស់រដ្ឋាភិបាលអាមេរិក ខណៈពេលដែលប្រទេសចិន សហគ្រាសរដ្ឋបានបង្កើនការខ្ចីលុយក្នុងល្បឿនមួយយ៉ាងលឿនលើសពីរដ្ឋាភិបាលទៅទៀត ។
ប្រទេសដែលមើលឃើញថា មានការកើនឡើងបំណុលខ្លាំងជាងគេចាប់តាំងពីឆ្នាំ២០២៣ មានដូចជា ន័រវែស គុយវ៉ែត ចិន បារ៉ែន និងអារ៉ាប៊ីសាអូឌីត ដែលសុទ្ធសឹងតែកើនឡើងលើសពី ៣០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន នេះបើតាមរបាយការណ៍របស់វិទ្យាស្ថាន IIF ។
នាយកផ្នែកទីផ្សារ និងគោលនយោបាយសកលនៃវិទ្យាស្ថាន IIF លោកEmre Tiftik បាននិយាយថា មូលហេតុចម្បង ដែលនឹងបន្តរុញច្រានឱ្យបំណុលរដ្ឋាភិបាល និងសហគ្រាសកើនឡើងក្នុងរយៈពេលមធ្យម និងវែងរួមមានសម្ពាធរចនាសម្ព័ន្ធ ដូចជា កំណើនប្រជាជនវ័យចំណាស់ ការកើនឡើងនៃចំណាយលើវិស័យការពារជាតិ តម្រូវការធានាសន្តិសុខថាមពល និងសន្តិសុខសាយប័រ ជាពិសេសគឺការវិនិយោគដ៏ធំសម្បើមលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។
បើតាមការលើកឡើងរបស់លោក Tiftik, សង្គ្រាមដែលកំពុងកើតមាននៅតំបន់មជ្ឈិមបូព៌ា ក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាកត្តាជំរុញឱ្យសម្ពាធបំណុលទាំងនេះកាន់តែរីកធំឡើងថែមទៀតផងដែរ ៕
ប្រភព ៖ The Straits Times និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា



























