វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន អាចព្រមព្រៀងគ្នាពន្យារពេលអនុវត្តបទឈប់បាញ់ថែមទៀត ក្រោយភាគីជម្លោះទាំងពីរ ក្នុងថ្ងៃ សុក្រ បានឯកភាពផ្អាកបាញ់ចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់១១ ខែឧសភា ដោយមានការសម្របសម្រួលពីអាមេរិក ។
បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនេះ ត្រូវបានប្រកាសបន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការរំលោភបំពានបទឈប់បាញ់ ដែលស្នើឡើងរៀងៗខ្លួនក្នុងសប្តាហ៍នេះ ខណៈដែលទីក្រុងមូស្គូត្រៀមខ្លួនប្រារព្ធទិវាជ័យជំនះ ៩ ឧសភា ដែលជាការរំលឹកដល់ជ័យជម្នះរបស់សូវៀតលើរបបណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤៥ ។
បើតាម Straits Times, លោកប្រធានាធិបតី Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social ក្នុងថ្ងៃ សុក្រ ថា បទឈប់បាញ់ ៣ ថ្ងៃរវាងអ៊ុយក្រែន-រុស្ស៊ី នឹងធ្វើឱ្យការប្រយុទ្ធគ្នាទាំងអស់ត្រូវផ្អាក ហើយក៏រួមបញ្ចលទាំងការដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១,០០០ នាក់រវាងប្រទេសទាំងពីរផងដែរ ។
លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា សំណើរនេះត្រួវបានធ្វើឡើងដោយខ្លួនលោកផ្ទាល់ ហើយលោកពេញចិត្តខ្លាំង ចំពោះការព្រមព្រៀងរបស់លោកប្រធានាធិបតី Putin និងលោកប្រធានាធិបតី Zelensky ។
យ៉ាងណា រូបលោកក៏សង្ឃឹមយ៉ាងមុតមាំថា បទឈប់បាញ់ ៣ ថ្ងៃនេះ វាគឺជាដំណាក់ការចាប់ផ្តើមឈានឆ្ពោះទៅបញ្ចប់សង្គ្រាមដ៏វែងឆ្ងាយ និងដ៏សាហាវ ក៏ដូចជាការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ខណៈការចរចាកំពុងបន្តឆ្ពោះទៅរកការបញ្ឈប់ជម្លោះនេះជាអចិន្ត្រៃយ៍តែម្តង ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា