វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងអះអាងថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនកម្លាំងយោធានៅច្រកសមុទ្រ Hormuz ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់មិនអាចសម្រេចបាន ដោយលោកថែមទាំងគំរាមចាប់ផ្តើមប្រតិបត្តិការ “Project Freedom Plus” ដែលកាន់តែខ្លាំងក្លាជាងមុន ។
ប្រតិបត្តិការយោធា “Project Freedom” ជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz តាមរយៈការបញ្ជូនកងកម្លាំងជើងទឹក ជាពិសេសនាវាចម្បាំង ដើម្បីទៅអមកប៉ាល់ទាំងនោះ ឲ្យចាកចេញដោយសុវត្ថិភាព ។
បើតាម Anadolu, លោកប្រធានាធិបតី Trump បានប្រាប់អ្នកកាសែតនៅសេតវិមាន កាលពីថ្ងៃ សុក្រ ថា យើងអាចនឹងត្រឡប់ទៅរក Project Freedom វិញ បើសិនអ្វីៗមិនកើតឡើង ប៉ុន្តែ វានឹងក្លាយជា Project Freedom Plus ដែលមានន័យថា Project Freedom បូករួមជាមួយអ្វីៗផ្សេងទៀត ។
ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា កើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ ប្រឆាំងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្រ រួមទាំងការបិទច្រកសមុទ្រ Hormuz ។
ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
ការបិទខ្ទប់នេះ បណ្ដាលឱ្យកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា