មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយនៅថ្ងៃ អាទិត្យ ថា ទីក្រុងវ៉ាស៊ីនតោនខកចិត្តជាខ្លាំងនឹងតៃវ៉ាន់ បន្ទាប់ពីសភាគ្រប់គ្រងដោយបក្សប្រឆាំងរបស់កោះនេះ បានអនុម័តកញ្ចប់ថវិកាការពារជាតិពិសេសត្រឹមតែ ២៥ ពាន់លានដុល្លារប៉ុណ្ណោះ ។ តួលេខនេះ កាត់បន្ថយប្រហែលពីរភាគបី បើធៀបនឹងសំណើដើម ។
បើតាម Straits Times, ដំបូងឡើយ សំណើកញ្ចប់ថវិកាការពារជាតិពិសេសមានទំហំ ៤០ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១,២៥ ទ្រីលានដុល្លារតៃវ៉ាន់ ។ កញ្ចប់ថវិកាដ៏ធំសម្បើមនេះ ត្រូវបានប្រកាសដាក់ស្នើដោយប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te កាលពីចុងឆ្នាំ ២០២៥ ដើម្បីប្រើប្រាស់ក្នុងរយៈពេល ៨ ឆ្នាំ (២០២៦-២០៣៣) បន្ថែមពីលើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំធម្មតា ។
យ៉ាងណា បន្ទាប់ពីមានការជជែកដេញដោលផ្នែកនយោបាយអស់រយៈពេលជាច្រើនខែ ទីបំផុតសភារបស់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានសម្រេចអនុម័តកញ្ចប់ថវិកាត្រឹមតែ ២៥ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺកាត់បន្ថយប្រហែល ៤០% ពីសំណើដើម ។
ថវិកាចំនួន ២៥ ពាន់លានដុល្លារដែលត្រូវបានអនុម័តថ្មីៗនេះ នឹងត្រូវដកទៅប្រើប្រាស់ជាចម្បងលើការបញ្ជាទិញអាវុធទំនើបៗពីសហរដ្ឋអាមេរិក រួមមានប្រព័ន្ធបាញ់រ៉ុក្កែត HIMARS, មីស៊ីលប្រឆាំងរថក្រោះ Javelin, មីស៊ីល TOW 2B និងប្រព័ន្ធការពារដែនអាកាស ដើម្បីពង្រឹងសមត្ថភាពការពារជាតិទប់ទល់នឹងការគំរាមកំហែងពីមហាយក្សចិន ។
យោងតាម Taiwan Plus, សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ចាប់តាំងពីឆ្នាំ ១៩៧៩ ដោយសារការទទួលស្គាល់ “គោលនយោបាយចិនតែមួយ” របស់ទីក្រុងប៉េកាំង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែជាអ្នកផ្គត់ផ្គង់អាវុធ និងជាខ្នងបង្អែកការពារជាតិដ៏ធំបំផុតរបស់កោះនេះ ។
គិតចាប់តាំងពីឆ្នាំ ២០១៥ មក សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធឱ្យតៃវ៉ាន់ក្នុងទំហំទឹកប្រាក់លើសពី ២៣ ពាន់លានដុល្លារ ។ ឧបករណ៍យោធាទាំងនោះរួមមានយន្តហោះចម្បាំង F-16, ប្រព័ន្ធការពារគ្រាប់មីស៊ីល Patriot រថក្រោះ មីស៊ីលប្រឆាំងនាវា និងប្រព័ន្ធរ៉ាដាទំនើបៗជាដើម ៕
ប្រភព ៖ The Straits Times និង Taiwan Plus ប្រែសម្រួល ៖ ឈឹម ទីណា