សេអ៊ូល ៖ វិមាន Blue House កាលពីថ្ងៃចន្ទ បានប្រកាសថ្កោលទោសខ្លាំងក្លាបំផុត ចំពោះការវាយប្រហារ លើនាវាដឹកទំនិញកូរ៉េខាងត្បូង នៅច្រកសមុទ្រ ហ័រមូស ហើយ ប្តេជ្ញាថា នឹងឆ្លើយតប ខណៈដែលខ្លួនមិនទាន់ដឹងប្រាកដ ពីអ្នកដែលនៅពីក្រោយរឿងនេះ។

សេអ៊ូល ៖ វិមាន Blue House កាលពីថ្ងៃចន្ទ បានប្រកាសថ្កោលទោសខ្លាំងក្លាបំផុត ចំពោះការវាយប្រហារ លើនាវាដឹកទំនិញកូរ៉េខាងត្បូង នៅច្រកសមុទ្រ ហ័រមូស ហើយ ប្តេជ្ញាថា នឹងឆ្លើយតប ខណៈដែលខ្លួនមិនទាន់ដឹងប្រាកដ ពីអ្នកដែលនៅពីក្រោយរឿងនេះ។
បើតាមមន្ត្រី របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House, ក្រុមអ្នកជំនាញបានធ្វើការវិភាគកោសល្យវិច្ច័យដំបូង បង្ហាញថា មានភ្លើងឆាបឆេះ បន្ទប់ម៉ាស៊ីន របស់នាវា Namu បណ្តាលឲ្យមានការខូតខាតកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងនេះ។ ប្រភពបន្តថា នាវាដែលដំណើរការ ដោយក្រុមហ៊ុនដឹកជញ្ជូន HMM Co. មិនបំពានលើច្បាប់ណាមួយ ជាធរមាននៅក្នុងដែនទឹក នៃ សហភាពអារ៉ាប់រួម នាពេលនោះឡើយ។
លោក Wi Sung-lac ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មានថា «យើងថ្កោលទោសរឿងនេះ ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត» ។
យ៉ាងណា បើតាមប្រភព, គេមិនត្រូវបានដឹងច្បាស់ អំពីហេតុផលនៅពីក្រោយ ប្រសិនបើ អ៊ីរ៉ង់ មានពាក់ព័ន្ធ នៅក្នុងការវាយប្រហារ។ ប៉ុន្តែ កន្លងមក ទីក្រុងតេហេរ៉ង់ បានបដិសេធរាល់ការទទួលខុសត្រូវ ចំពោះករណីនេះ។ កាលពីថ្ងៃចន្ទ ស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅកូរ៉េខាងត្បូងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនមានពាក់ព័ន្ធនឹងបញ្ហានេះទេ ប៉ុន្តែ នឹងប្រកាសបន្ថែម ប្រសិនបើមានការធ្វើបច្ចុប្បន្នភាព ឬ ជំហរផ្លូវការ។
ជាការកត់សម្គាល់ អ៊ីរ៉ង់ ធ្លាប់ប្រកាសទទួលខុស លើការវាយប្រហារនាវាមួយគ្រឿង របស់ថៃ នៅច្រកសមុទ្រ ហ័មូស។
ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រ គ្របដណ្តប់ការដឹកជញ្ជូន ប្រេង និងឧស្ម័ន មួយភាគប្រាំ របស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង បន្ទាប់ពីសហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានបើកការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
បើតាមសារព័ត៌មាន MSN, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយភ្លាមៗ បន្ទាប់ពីកើតមានឧប្បត្តិហេតុថា អ៊ីរ៉ង់គឺជាអ្នកបាញ់ទៅលើនាវាកូរ៉េខាងត្បូង ហើយបានជំរុញឱ្យទីក្រុង សេអ៊ូល ចូលរួមកិច្ចខិតខំប្រឹងប្រែង ធានាការដឹកជញ្ជូនតាមច្រកសមុទ្រ ហ័រមូស ដែលជាយុទ្ធនាការ ដឹកនាំដោយសហរដ្ឋអាមេរិក៕
ប្រភពពី MSN ប្រែសម្រួល ៖ សារ៉ាត

