កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ជិត ២០ ប្រទេស ចាប់អារម្មណ៍លើកិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើកជាមួយអ៊ុយក្រែន និងកិច្ចសន្យាចំនួន ៤ បានចុះហត្ថលេខារួចរាល់ហើយ ។

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ជិត ២០ ប្រទេស ចាប់អារម្មណ៍លើកិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើកជាមួយអ៊ុយក្រែន និងកិច្ចសន្យាចំនួន ៤ បានចុះហត្ថលេខារួចរាល់ហើយ ។
ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ លោក Zelensky បានទាញយកអត្ថប្រយោជន៍យ៉ាងច្រើន ពីជំនាញផលិតដ្រូនរបស់អ៊ុយក្រែន ដែលប្រើក្នុងសង្គ្រាមសម័យទំនើបជាមួយរុស្ស៊ី បង្វែលទៅជាកិច្ចព្រមព្រៀងការទូតដ៏ជោគជ័យជាបន្តបន្ទាប់ ជាពិសេសអំឡុងទស្សនកិច្ចនៅមជ្ឈិមបូព៌ា និងអឺរ៉ុប ។
បើតាម Straits Times, បច្ចុប្បន្ន អ៊ុយក្រែនមានសមត្ថភាពផលិតដ្រូនប្រមាណ ២០០,០០០ គ្រឿងក្នុងមួយខែ ហើយជាង ៩៦% នៃដ្រូនដែលប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន គឺជាផលិតផលក្នុងស្រុក ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហោះសារលើ X កាលពីថ្ងៃ ចន្ទ ថា បច្ចុប្បន្នមានប្រទេសជិត ២០ កំពុងចូលរួមនៅដំណាក់កាលផ្សេងៗគ្នា ក្នុងនោះកិច្ចសន្យាចំនួន ៤ ត្រូវបានចុះហត្ថលេខារួចហើយ ហើយកុងត្រាដំបូង ក្រោមកិច្ចព្រមព្រៀងទាំងនេះ កំពុងត្រូវបានរៀបចំជាបណ្តើរៗ ។
អ៊ុយក្រែន បានក្លាយជាមហាអំណាចឈានមុខគេលើពិភពលោក ក្នុងការច្នៃប្រឌិត និងផលិតយន្តហោះគ្មានមនុស្សបើក ដោយសារការជំរុញពីតម្រូវការជាក់ស្តែងក្នុងសមរភូមិសង្គ្រាម ។ បច្ចេកវិទ្យា និងសមត្ថភាពផលិតរបស់អ៊ុយក្រែន កំពុងផ្លាស់ប្តូរទម្រង់សង្គ្រាមសម័យទំនើបយ៉ាងខ្លាំង ។
តួយ៉ាង កាលពីខែមេសា អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ និងយន្តហោះគ្មានមនុស្សបើកនៅប្រទេសអាល្លឺម៉ង់ ន័រវេស និងហូឡង់ បន្ទាប់ពីស៊ីញ៉េលើភាពជាដៃគូសន្តិសុខរយៈពេលវែងជាមួយអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម កាលពីចុងខែមីនា ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
