វ៉ាស៊ីនតោន ៖ ភ្លើងសង្គ្រាមសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបច្ចុប្បន្ននៅតែបន្តជាប់គាំង រកច្រកចេញសន្តិភាពមិនរួចនោះ បានដុតបំផ្លាញលុយក្នុងហោប៉ៅពលរដ្ឋអាមេរិកច្រើនជាង ៣៧ ពាន់លានដុល្លារ ដោយសារតែការហក់ឡើងតម្លៃថាមពលសកល ។
ក្នុងចំណោមការចំណាយសរុបទាំងនោះ រួមមាន ២០ ពាន់ ៤១០ លានដុល្លារ ខាតបង់លើប្រេងឥន្ធនៈ និងជិត ១៧ ពាន់លានដុល្លារទៀត ខាតបង់លើប្រេងម៉ាស៊ូត ។ គ្រួសារអាមេរិកជាមធ្យមបានចំណាយលុយបន្ថែមជាង ២៨៥ ដុល្លារក្នុងមួយខែ ទៅលើប្រេងសាំង និងប្រេងម៉ាស៊ូត ។
បើតាម Anadolu, មូលហេតុដែលជំរុញឱ្យតម្លៃថាមពលសកលហក់ឡើងខ្លាំងបែបនេះ គឺដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា និងការសងសឹករបស់អ៊ីរ៉ង់ ក្នុងការបិទច្រកសមុទ្រ Hormuz ។
ច្រកសមុទ្រដ៏សំខាន់នេះ ប្រៀបដូចជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
បច្ចុប្បន្ន នៅសហរដ្ឋអាមេរិក ប្រេងសាំងមានតម្លៃជាង ៤ ដុល្លារក្នុងមួយហ្គាឡុង ។ តម្លៃនេះ កើនឡើងជាង ៥០% បើធៀបនឹងមុនពេលផ្ទុះសង្គ្រាម ដែលមានតម្លៃក្រោម ៣ ដុល្លារក្នុងមួយហ្គាឡុងប៉ុណ្ណោះ ។
ការកើនឡើងតម្លៃប្រេងឥន្ធនៈ រួមមានប្រេងសាំង និងប្រេងម៉ាស៊ូត កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល និងជំរុញឱ្យអតិផរណាទូទាំងពិភពលោកស្ទុះឡើងខ្ពស់ ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានព្រមានថា ការផ្គត់ផ្គង់ថាមពលសកល មិនអាចងើបឡើងវិញភ្លាមៗនោះទេ ។ វាអាចនឹងត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំ ដើម្បីឱ្យទីផ្សារវិលទៅរកភាពប្រក្រតីឡើងវិញ ខណៈស្លាកស្នាមនៃវិបត្តិនេះ នឹងបន្តលងបន្លាចសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលវែង ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា