វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០២៦នេះ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០២៦នេះ។
មេដឹកនាំអាមេរិក រូបនេះ បាននិយាយយ៉ាងដូច្នេះ ក្នុងអំឡុងពេលឆ្លើយតបទៅនឹងសំណួរ របស់អ្នកសារព័ត៌មាន TASS ពោល គឺមុនពេលដែលលោកឡើងជិះយន្តហោះ ទៅកាន់ប្រទេសចិន កាលពីថ្ងៃអង្គារ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ នៅក្រុងប៉េកាំង។
លោក ត្រាំ ប្រាប់អ្នកកាសែតថា «អាចកើតឡើង ខ្ញុំចង់និយាយថា ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់..ខ្ញុំបានដោះស្រាយសង្រ្គាម ចំនួន៨…យើងគិតថា នឹងបញ្ចប់ ដោយការទទួលបានដំណោះស្រាយ រវាងរុស្ស៊ី និងអ៊ុយក្រែន»។
ការលើកឡើងនេះ ធ្វើនៅឡើង នៅ១ថ្ងៃ បន្ទាប់ពី លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានរម្លឹកពីបំណងរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដែលនៅតែចង់អញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យមកបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ។
កាលពីពាក់កណ្តាល ខែសីហា ឆ្នាំ២០២៥, កិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក បានធ្វើឡើង នៅមូលដ្ឋានយោធា ក្បែរទីក្រុង Anchorage ក្នុងរដ្ឋអាឡាស្កា ដែលជាទឹកដីអាមេរិក។
បើតាម Tass, មេដឹកនាំរុស្ស៊ី និងអាមេរិកបានពិភាក្សាគ្នា ប្រហែល ៣ ម៉ោង រួមទាំង កិច្ចប្រជុំមួយទល់មួយ នៅក្នុងរថយន្ត limousine របស់ប្រធានាធិបតីអាមេរិក ដែលកំពុងធ្វើដំណើរ ទៅកាន់កន្លែងប្រជុំសំខាន់ ព្រមទាំង កិច្ចជំនួបផ្សេងៗទៀត៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
