តេហេរ៉ង់ ៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ការចរចាជាមួយសហរដ្ឋអាមេរិក អាចធ្វើទៅបាន ទោះបីជាមានការមិនទុកចិត្តក៏ដោយ។

តេហេរ៉ង់ ៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ការចរចាជាមួយសហរដ្ឋអាមេរិក អាចធ្វើទៅបាន ទោះបីជាមានការមិនទុកចិត្តក៏ដោយ។
លោក Masoud Pezeshkian អះអាង កាលពីថ្ងៃអង្គារ ថា ទីក្រុងតេហេរ៉ង់ ជឿជាក់ថា នៅតែមានកន្លែងសម្រាប់ការទូត ជាមួយសហរដ្ឋអាមេរិក ទោះបីជាមានការមិនទុកចិត្ត ចំពោះទីក្រុងវ៉ាស៊ីនតោនក៏ដោយ ។
ការិយាល័យរបស់លោក Pezeshkian បានដកស្រង់សម្តី មេដឹកនាំ រូបនេះថា «ទោះបីជាមានការមិនទុកចិត្ត ចំពោះសត្រូវក៏ដោយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជឿថា អាចចរចាបាន ពីតួនាទីនៃភាពថ្លៃថ្នូរ ប្រាជ្ញា និង ភាពរហ័សរហួន» ។ ប្រមុខរដ្ឋអ៊ីរ៉ង់ បានកត់សម្គាល់ថា ទីក្រុងតេហេរ៉ង់ នឹងត្រូវការ ការបង្រួបបង្រួមអ្វីគ្រប់យ៉ាង ដែលកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ សម្រេចបាន នៅលើសមរភូមិ ក្នុងសង្វៀនការទូត។
កាលពីថ្ងៃទី១០ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានច្រានចោលការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជម្លោះថា “មិនអាចទទួលយកបានទាំងស្រុង” ។ យ៉ាងណាក៏ដោយ ក្រោយមក លោកបាននិយាយថា ក្រុងវ៉ាស៊ីនតោន និង ក្រុងតេហេរ៉ង់ ក៏អាចឈានដល់កិច្ចព្រមព្រៀងការទូត ដើម្បីបញ្ចប់អរិភាព។
បើតាម Tass, កាលពីថ្ងៃទី២៨ ខែកុម្ភៈ អាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់។ យោងតាមទីក្រុងតេហេរ៉ង់ ចំនួនអ្នកស្លាប់របស់អ៊ីរ៉ង់ កើនឡើងដល់ ៣,៣៧៥នាក់ បន្ទាប់ពី ៤០ ថ្ងៃ នៃការប្រយុទ្ធគ្នា។
កាលពីថ្ងៃទី៧ ខែមេសា មេដឹកនាំអាមេរិក បានប្រកាសបទឈប់បាញ់គ្នា រយៈពេលពីរសប្តាហ៍ ជាមួយសាធារណរដ្ឋអ៊ីស្លាម។ ក្រោយមក អ៊ីរ៉ង់ និងអាមេរិក បានបើកកិច្ចចរចាជាច្រើនលើក នៅប៉ាគីស្ថាន ប៉ុន្តែ បានបរាជ័យ ក្នុងការព្រមព្រៀងលើដំណោះស្រាយរយៈពេលវែង។
នៅថ្ងៃទី ២១ ខែមេសា លោក Trump បានប្រកាសពីចេតនា ចង់បន្តបទឈប់បាញ់ ជាមួយអ៊ីរ៉ង់។ តេហេរ៉ង់ ប្រកាសមិនអនុវត្តតាមការប្រកាសជាឯកតោភាគី របស់ទីក្រុងវ៉ាស៊ីនតោន អំពីការពន្យាពេលបទឈប់បាញ់ ហើយថា ផ្តល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួន របស់អ៊ីរ៉ង់៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

