វ៉ាស៊ីនតោន ៖ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jules Jay Hurst បានប្រាប់គណៈកម្មាធិការថវិកាសភា កាលពីថ្ងៃ អង្គារ ថា ការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់លុយកើនជិត ២៩ ពាន់លានដុល្លារហើយ ចាប់តាំងពីជម្លោះដ៏ធំនៅមជ្ឈិមបូព៌ាមួយនេះ ចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។
បើតាម Politico, តួលេខខាតបង់ចុងក្រោយនេះ បានហក់ឡើងចំនួន ៤ ពាន់លានដុល្លារថែមទៀត បើធៀបនឹងការខាតបង់ពីមុន ដែលមានត្រឹមតែ ២៥ ពាន់លានដុល្លារ ប៉ុន្តែទិន្នន័យនេះ នៅពុំទាន់រាប់បញ្ចូលក្នុងការចំណាយលើការជួសជុលមូលដ្ឋានទ័ពនៅមជ្ឈិមបូព៌ា ដែលរងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់នោះទេ ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ របាយការណ៍នេះ ត្រូវបានបញ្ចេញចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិក-អ៊ីរ៉ង់ ភាពចម្រូងចម្រាស់នៅច្រកសមុទ្រ Hormuz ការកើនឡើងខ្លាំងនៃតម្លៃប្រេងឥន្ធនៈសកល និងការធ្លាក់ចុះការគាំទ្រសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ។
ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
ការបិទខ្ទប់នេះ បណ្ដាលកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ៕
ប្រភព ៖ Politico ប្រែសម្រួល ៖ ឈឹម ទីណា