ឡុងដ៍ ៖ អង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងប្រកៀកស្មាជាមួយបណ្តាសម្ព័ន្ធមិត្តជាង ៤០ ប្រទេសដើម្បីចាត់បញ្ជូនយន្តហោះចម្បាំង, នាវាពិឃាត ព្រមទាំងយន្តហោះដ្រូន ចេញទៅចូលរួមបេសកកម្មការពារច្រកសមុទ្រហ័រមូស ។
ការប្រកាសនេះ ធ្វើឡើង ស្របពេលដែល សង្រ្គាមអ៊ីរ៉ង់ បានកាត់បន្ថយចរាចរណ៍យ៉ាងខ្លាំង តាមរយៈច្រកសមុទ្រ Hormuz ជាពិសេសរំខានដល់ការនាំចេញប្រេង ជាហេតុធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់។ ប្រហែលជា មួយភាគប្រាំនៃប្រេង របស់ពិភពលោកបានឆ្លងកាត់ច្រកសមុទ្រមួយនេះ មុនពេលផ្ទុះសង្គ្រាម។
លោក John Healey រដ្ឋមន្ត្រីការពារជាតិអង់គ្លេសអះអាងថា ការប្តេជ្ញាចិត្តនេះ ធ្វើឡើង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតាមវីដេអូជាមួយសមភាគីជាង ៤០ ប្រទេស ផ្សេងទៀត ដែលចូលរួម ក្នុងបេសកកម្មអន្តរជាតិបែបនេះ ។ លោកបានបញ្ជាក់ថា ប្រតិបត្តិការពហុជាតិមួយនេះរង់ចាំតែពេលវេលា ចេញដំណើរ ស្របតាមលក្ខខណ្ឌអនុញ្ញាតតែប៉ុណ្ណោះ ។
លោក John Healey លើកឡើងថា «នៅពេលអង់គ្លេសប្រកៀកស្មាជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន, បេសកកម្មពហុជាតិនេះ នឹងការពារសុវត្ថិភាព ប្រកបដោយឯករាជ្យ និង គួរឱ្យទុកចិត្ត» ។
បើតាម Yahoo, សម្រាប់អង់គ្លេសម្នាក់ឯង គ្រោងចំណាយជាង ១៥៥ លានដុល្លារសម្រាប់បេសកកម្មនេះ ខណៈដែលទីក្រុងឡុងដ៍កំពុងស្វែងរកការធានាឡើងវិញ នូវការដឹកជញ្ជូនពាណិជ្ជកម្ម ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ ចំពេលដែលភាពតានតឹង នៅក្នុងតំបន់ កំពុងតែកើនឡើង។
កញ្ចប់បេសកកម្មនេះនឹងរួមបញ្ចូល នូវប្រព័ន្ធស្វយ័តដើម្បីស្វែងរក និង បោសសម្អាតមីនរបស់កងទ័ពជើងទឹក, ទូកដ្រូនល្បឿនលឿន, យន្តហោះចម្បាំង Typhoon សម្រាប់ល្បាតលើអាកាស ព្រមទាំង នាវាពិឃាត HMS Dragon ដែលកំពុងបោះពួយធ្វើដំណើរ ទៅកាន់តំបន់មជ្ឈិមបូព៌ា ។
អង់គ្លេសមានទាហាន ជាង ១ ពាន់នាក់ រួចជាស្រេច ដែលត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយកងទ័ពទាំងនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការការពារ រួមទាំង ក្រុមប្រឆាំងយន្តហោះដ្រូននិង ក្រុមយន្តហោះល្បឿនលឿន ៕
ប្រភពពី Yahoo, ប្រែសម្រួល ៖ សារ៉ាត


























