មូស្គូ ៖ រដ្ឋមន្ត្រីការទេសរុស្ស៊ី លោក Sergei Lavrov បានអះអាង កាលពីថ្ងៃពុធថា ប្រទេសរបស់លោកនៅតែមានទំនាក់ទំនងល្អ ជាមួយនឹងសហរដ្ឋអាមេរិក បើទោះបីជាទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើទីក្រុងមូស្គូ ក៏ដោយ។

មូស្គូ ៖ រដ្ឋមន្ត្រីការទេសរុស្ស៊ី លោក Sergei Lavrov បានអះអាង កាលពីថ្ងៃពុធថា ប្រទេសរបស់លោកនៅតែមានទំនាក់ទំនងល្អ ជាមួយនឹងសហរដ្ឋអាមេរិក បើទោះបីជាទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើទីក្រុងមូស្គូ ក៏ដោយ។
បើតាមសារព័ត៌មាន The Business Standard, ការគូសបញ្ជាក់បែបនេះ ធ្វើឡើង បន្ទាប់លោក Donald Trump ដែលឈ្នះការបោះឆ្នោត ប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ បានបង្កើតការសន្ទនាឡើងវិញ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបានសន្យា ម្តងហើយម្តងទៀតថា នឹងបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ទោះបីជាសន្តិភាព មិនត្រូវបានបញ្ជាក់ឱ្យឃើញច្បាស់ រហូតមកដល់ពេលនេះ ក៏ដោយ។
ថ្លែងប្រាប់សារព័ត៌មាន RT India នៅថ្ងៃទី១៣ ខែឧសភា នេះ, រដ្ឋមន្ត្រីការទេសរុស្ស៊ី លោក Sergei Lavrov បានរៀបរាប់ថា មានភាពល្អប្រសើរ សម្រាប់កិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យា, ថាមពល និងគម្រោងៗផ្សេងទៀត ដោយរហូតមកដល់ពេលនេះ មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ផ្ទុយទៅវិញ ទីក្រុងម៉ូស្គូ បានកោតសរសើរ ចំពោះការចាប់ផ្តើមកិច្ចសន្ទនា របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយនឹងទីក្រុងម៉ូស្គូ។
បើតាមប្រមុខការទូតរុស្ស៊ីជើងចាស់រូបនេះដដែល, មានរឿងវិជ្ជមានជាច្រើន ក្នុងសក្ដានុពលដ៏ធំសម្បើមនៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បើទោះបីជា ទណ្ឌកម្មក្រោមរដ្ឋបាលរបស់លោក Joe Biden អតីតប្រធានាធិបតីអាមេរិក នៅតែមានជាធរមាន ជាមួយនឹងគំនិតផ្តួចផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីបន្ថែម ពីសំណាក់រដ្ឋបាល របស់លោក Donald Trump ក៏ដោយ៕
ប្រភពពី The Business Standard ប្រែសម្រួល ៖ សារ៉ាត
