កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់កិច្ចប្រជុំកំពូល Bucharest Nine ក្នុងប្រទេសរ៉ូម៉ានី កាលពីថ្ងៃ ពុធ ថា សហភាពអឺរ៉ុបត្រូវតែពង្រឹងសមត្ថភាពការពារជាតិដោយខ្លួនឯងឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលសង្គ្រាមសម័យទំនើបវិវត្តទៅមុខយ៉ាងឆាប់រហ័ស ។
ការជំរុញរបស់លោក Zelensky ធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលអាចវាយប្រហារគោលដៅក្នុងចម្ងាយប្រហែល ៣៥,០០០ គីឡូម៉ែត្រ ។
អាវុធយុទ្ធសាស្រ្តនេះ ត្រូវបានគេជឿថា នឹងអនុញ្ញាតឱ្យរុស្ស៊ីមានលទ្ធភាពវាយប្រហារចំគោលដៅណាមួយនៅជុំវិញផែនដីតែម្តង ដែលនេះជាការបង្កើនឥទ្ធិពលយោធា និងពង្រឹងខែលការពារនុយក្លេអ៊ែរឱ្យកាន់តែរឹងមាំ ក្នុងស្ថានភាពភូមិសាស្ត្រនយោបាយសកលដ៏តានតឹង ។
បើតាម Anadolu, លោកប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា អឺរ៉ុបមិនអាចពឹងផ្អែកលើការផ្លាស់ប្តូរអារម្មណ៍ភូមិសាស្ត្រនយោបាយបានទេ ដោយលោកបានអំពាវនាវឱ្យមានការរួមបញ្ចូលគ្នាកាន់តែស៊ីជម្រៅ ទាំងផ្នែកធនធានការពារជាតិ ផលិតកម្ម និងសមត្ថភាព ដើម្បីពង្រឹងសហភាពអឺរ៉ុប និងអង្គការណាតូ ។
បន្ថែមលើនេះ មេដឹកនាំអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានជំរុញឱ្យមានសម្ពាធការទូតជាបន្តបន្ទាប់លើប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់សង្គ្រាម ។ លោកថា សម្ពាធទណ្ឌកម្ម និង សមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានឥទ្ធិពលរួចទៅហើយលើទីក្រុងមូស្គូ ។
បើតាម Aljazeera, អ៊ុយក្រែនបានក្លាយជាអ្នកដឹកនាំលើបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើកបំពាក់បញ្ញាសិប្បនិម្មិត (AI) ។ តួយ៉ាង ដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន ចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា



























