តៃប៉ិ ៖ មួយថ្ងៃមុនពេលលោក Trump ហោះទៅចិន កោះតៃវ៉ាន់បានបាញ់សាកល្បងមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលផលិតនៅសហរដ្ឋអាមេរិក ក្នុងអំឡុងសមយុទ្ធយោធាមួយនៅលើកោះ Kinmen មានចម្ងាយ ១០ គីឡូម៉ែត្រ ពីភាគខាងកើតនៃទីក្រុង Xiamen របស់ប្រទេសចិន ។

តៃប៉ិ ៖ មួយថ្ងៃមុនពេលលោក Trump ហោះទៅចិន កោះតៃវ៉ាន់បានបាញ់សាកល្បងមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលផលិតនៅសហរដ្ឋអាមេរិក ក្នុងអំឡុងសមយុទ្ធយោធាមួយនៅលើកោះ Kinmen មានចម្ងាយ ១០ គីឡូម៉ែត្រ ពីភាគខាងកើតនៃទីក្រុង Xiamen របស់ប្រទេសចិន ។
សមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃ ពុធ នេះ ធ្វើឡើងមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន ជាកន្លែងដែលមេដឹកនាំអាមេរិករូបនេះ មានគម្រោងពិភាក្សាអំពីការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ជាមួយប្រធានាធិបតីចិន លោក Xi Jinping ។
មីស៊ីលប្រឆាំងរថក្រោះ Javelin មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយប្រហែល ២,៥ គីឡូម៉ែត្រ ។ ការហ្វឹកហ្វឺននេះ គឺជាផ្នែកមួយនៃសមយុទ្ធ Taiwu ប្រចាំត្រីមាសរបស់តៃវ៉ាន់ ដែលស្រដៀងគ្នានឹងសមយុទ្ធធ្វើឡើងកាលពីខែមីនា ។
ល្បែងសង្គ្រាមនេះទៀតសោត ជាការហាត់សមត្រៀមខ្លួនទប់ទល់នឹងការឈ្លានពានរបស់មហាយក្សចិន ដោយប្រើប្រាស់មីស៊ីល Javelin ប្រឆាំងនឹងរថក្រោះ រថពាសដែក និងយានដ្រូន ដើម្បីគាំទ្រដល់ប្រតិបត្តិការការពារឆ្នេរសមុទ្រ នេះបើតាមទូរទស្សន៍តៃវ៉ាន់ TVBS ។
បើតាម Anadolu, ចិនដីគោក និងតៃវ៉ាន់ បានបំបែកខ្លួនចេញពីគ្នាចាប់តាំងពីឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិលចិនបានបញ្ចប់ ។ នៅឆ្នាំដដែល កោះតៃវ៉ាន់បានចាប់ផ្តើមទាមទារឯករាជ្យ ។
យ៉ាងណា មហាយក្សចិននៅតែចាត់ទុកតៃវ៉ាន់ គ្រាន់តែជា “ខេត្តបំបែកខ្លួន” របស់ប្រទេសខ្លួនប៉ុណ្ណោះ ហើយថែមទាំងគំរាមប្រើកម្លាំងយោធាគ្រប់គ្រងកោះនេះវិញ ក្នុងករណីចាំបាច់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
