ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានបញ្ជាឱ្យសាងសង់ស្តូបគោរពវិញ្ញាណក្ខន្ធ វីរកងទ័ព វីរនគរបាល ដែលពលីក្នុងកិច្ចការពារបូរណភាពទឹកដី និងបញ្ជាឱ្យសិក្សារៀបចំមេដាយពិសេស សម្រាប់ជូនដល់វីរកងទ័ព វីរនគរបាល ដែលបានចូលរួមក្នុងប្រតិបត្តិការការពារទឹកដី ដោយសារការឈ្លានពានពីថៃ នៅឆ្នាំ២០២៥ ផងដែរ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបញ្ជាឱ្យមានការគិតគូរក្នុងការសាងសង់ស្ដូប រម្លឹកដល់វីរយុទ្ធជន ដែលបានពលីក្នុងប្រយុទ្ធការពារទឹកដី ក្នុងពេលថៃឈ្លានពាន ដើម្បីរម្លឹកជាប្រចាំដល់ដល់កូនចៅជំនាន់ក្រោយ អំពីការលះបង់ដ៏ធំធេងរបស់វីរកងទ័ព វរនគរបាល ក្នុងកិច្ចការពារអធិបតេយ្យជាតិ។
លើសពីការសងស្ដូប សម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏បានឱ្យក្រសួងការពារជាតិ និងទីស្ដីការគណៈរដ្ឋមន្ត្រី សិក្សាអំពីមេដាយពិសេស សម្រាប់ជូនដល់វីរកងទ័ព វីរនគរបាល ដែលបានចូលរួម ក្នុងប្រតិបត្តិការការពារទឹកដីពីថៃឈ្លានពាន ក្នុងឆ្នាំ២០២៥ផងដែរ ។សម្ដេចធិបតីបញ្ជាក់ថា ដូច្នេះទៅថ្ងៃក្រោយ រាល់សមរភូមិ រាល់ការប្រយុទ្ធមួយៗ ត្រូវមានមេដាយសម្រាប់ផ្ដល់ជូនអ្នកដែលចូលរួម ប្រតិបត្តិការដោយផ្ទាល់ គាំទ្រប្រយុទ្ធដោយផ្ទាល់ នៅក្នុងបុព្វហេតុទាំងអស់នោះ ។ សម្ដេចគូសរំលេចថា យើងមានមេដាយការពារជាតិ ប៉ុន្តែសម្រាប់សមរភូមិមួយៗ នឹងត្រូវមានមេដាយពិសេស សម្រាប់អ្នករបួសពិការនៅលើសមរភូមិ ដើម្បីជាការលើកទឹកចិត្ត ។
សម្ដេចធិបតី បញ្ជាក់ថា មេដាយ ពិតណាស់ ជាក្រណាត់មួយដុំ មានរចនារូបភាពស្អាត ប៉ុន្តែអ្វីដែលសំខាន់ គឺតម្លៃដែលមានអត្ថន័យមិនអាចកាត់ថ្លៃបាន ដើម្បីឱ្យគ្រប់គ្នា អាចមើលឃើញនូវការលះបង់របស់យោធិន របស់នគរបាល របស់អាវុធហត្ថ និងរបស់ប្រជាជនយើង ដែលចូលរួមផ្ទាល់ ក្នុងកិច្ចការពារទឹកដី ដែលនេះ គឺជាអ្វីដែលរដ្ឋគិតគូរ ៕
ដោយ៖វណ្ណលុក