ញូវ ដែល្លី ៖ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា ខណៈដែលលោកបើកចំហ ចំពោះការជួយពីខាងប្រទេសចិន។

ញូវ ដែល្លី ៖ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា ខណៈដែលលោកបើកចំហ ចំពោះការជួយពីខាងប្រទេសចិន។
លោក Abbas Araghchi និយាយថា លោកបានទទួលសារពីសហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន មានឆន្ទៈក្នុងការបន្តកិច្ចពិភាក្សា ហើយថា លោកបើកចំហចំពោះការគាំទ្រណាមួយ រួមទាំងពីប្រទេសចិនផងដែរ។ ការលើកឡើងនេះ ធ្វើឡើងចំពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។
លោក Araghchi បានប្រាប់អ្នកយកព័ត៌មាន នៅរដ្ឋធានីរបស់ឥណ្ឌា កាលពីថ្ងៃសុក្រថា «យើងបានទទួលសារម្តងទៀត ពីអាមេរិកដែលនិយាយថា ពួកគេសុខចិត្ត បន្តកិច្ចពិភាក្សា និងបន្តអន្តរកម្ម»។
លោក Araghchi បាននិយាយ បន្ទាប់ពីចូលរួមកិច្ចប្រជុំ របស់ប្លុក BRICS នៅទីក្រុងញូវដេល្លី ឲ្យដឹងថា «យើងកោតសរសើរ ចំពោះប្រទេសណា ដែលមានសមត្ថភាពជួយ ជាពិសេស ប្រទេសចិន» ។
លោកបានបន្ថែមថា «យើងមានទំនាក់ទំនងល្អ ជាមួយប្រទេសចិន យើងជាដៃគូយុទ្ធសាស្ត្រសម្រាប់គ្នាទៅវិញទៅមក ហើយយើងដឹងថា ចិនមានចេតនាល្អ ដូច្នេះ អ្វីដែលអាចធ្វើបានដោយចិន ជួយផ្នែកការទូត នឹងត្រូវបានស្វាគមន៍ ដោយសាធារណរដ្ឋអ៊ីស្លាម» ។
ប្រទេសចិនបាននិយាយថា ខ្លួនបាននឹងកំពុងធ្វើការដើម្បីជួយបញ្ចប់ជម្លោះ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។
ក្រសួងការបរទេសចិនបានប្រាប់ AFP ថា «គ្មានហេតុផលចាំបាច់ណាមួយ ក្នុងការបន្តជម្លោះ ដែលមិនគួរកើតឡើង តាំងតែពីដំបូងឡើយ…ដើម្បីស្វែងរកវិធីដំបូង ដោះស្រាយស្ថានការណ៍គឺមិនត្រឹមតែសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានប្រទេសក្នុងតំបន់ និងពិភពលោកផ្សេងទៀត ចូលរួម ផងដែរ»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
