វ៉ាស៊ីនតោន ៖ អ៊ីស្រាអែល និង លីបង់ យល់ព្រមបន្តបទឈប់បាញ់ រយៈពេល ៤៥ថ្ងៃ បន្ថែមទៀត នេះបើតាមការប្រកាស របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

វ៉ាស៊ីនតោន ៖ អ៊ីស្រាអែល និង លីបង់ យល់ព្រមបន្តបទឈប់បាញ់ រយៈពេល ៤៥ថ្ងៃ បន្ថែមទៀត នេះបើតាមការប្រកាស របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានយល់ចូលរួមក្នុងកិច្ចពិភាក្សាសន្តិសុខ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។
លោកបានសរសេរ នៅលើបណ្តាញសង្គម X ថា «នៅថ្ងៃទី១៤ និង១៥ ខែឧសភា សហរដ្ឋអាមេរិកបានរៀបចំកិច្ចពិភាក្សា ដែលមានផលិតភាពខ្ពស់រយៈពេលពីរថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់»។
លោកបន្តថា «ការបញ្ឈប់អរិភាព នៅថ្ងៃទី១៦ ខែមេសា នឹងត្រូវបន្តរយៈពេល ៤៥ ថ្ងៃ ដើម្បីបើកដំណើរការបន្ថែមទៀត..ក្រសួងការបរទេស នឹងកោះប្រជុំឡើងវិញ នូវផ្លូវនយោបាយនៃការចរចា នៅថ្ងៃទី២ និងថ្ងៃទី៣ ខែមិថុនា…លើសពីនេះ ផ្លូវសន្តិសុខមួយ នឹងត្រូវដាក់ឱ្យដំណើរការ នៅមន្ទីរបញ្ចកោណ នៅថ្ងៃទី២៩ ខែឧសភា ជាមួយនឹងគណៈប្រតិភូយោធានៃប្រទេសទាំងពីរ»។
បើតាម Tass, គណៈប្រតិភូ មកពីប្រទេសលីបង់ និងអ៊ីស្រាអែលបានជួបប្រជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីលក្ខខណ្ឌ សម្រាប់ការបន្តបទឈប់បាញ់។ កិច្ចចរចាជុំទីមួយ នៅថ្ងៃទី ១៤ ខែមេសា ទទួលបានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ នៅក្នុងប្រទេសលីបង់ ដែលចាប់ផ្តើមពីថ្ងៃទី១៧ ខែមេសា។ បទឈប់បាញ់ត្រូវបានបន្ត រយៈពេលបីសប្តាហ៍ បន្ទាប់ពីជុំទីពីរ នៅថ្ងៃទី២៣ ខែមេសា។
បើតាម BBC, ជម្លោះបានចាប់ផ្តើម នៅថ្ងៃទី ២ ខែមីនា ពោលគឺនៅពីរថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់។ ក្រុមហេសបូឡាហ៍បានបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ និងការលុកលុយដីនៅភាគខាងត្បូងប្រទេសលីបង់។
មនុស្ស ជិត៣ពាន់នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីពេលនោះមក នេះបើយោងតាមក្រសួងសុខាភិបាល។ អាជ្ញាធរអ៊ីស្រាអែលវិញ និយាយថា ទាហានរបស់ខ្លួន ១៨នាក់ និង ជនស៊ីវិល៤នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេលដូចគ្នា៕
ប្រភពពី Tass, BBC ប្រែសម្រួល ៖ សារ៉ាត
