បេរូត ៖ អ៊ីស្រាអែល បានបន្តវាយប្រហារ នៅភាគខាងត្បូង ប្រទេសលីបង់ ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីអាមេរិកប្រកាសថា ភាគីគូជម្លោះយល់ព្រមពន្យារពេល បទឈប់បាញ់ រយៈពេល ៤៥ថ្ងៃ បន្ថែមទៀត។ នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយ នៅថ្ងៃអាទិត្យនេះ។

បេរូត ៖ អ៊ីស្រាអែល បានបន្តវាយប្រហារ នៅភាគខាងត្បូង ប្រទេសលីបង់ ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីអាមេរិកប្រកាសថា ភាគីគូជម្លោះយល់ព្រមពន្យារពេល បទឈប់បាញ់ រយៈពេល ៤៥ថ្ងៃ បន្ថែមទៀត។ នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយ នៅថ្ងៃអាទិត្យនេះ។
អ៊ីស្រាអែលអះអាង កាលពីថ្ងៃសៅរ៍ថា ខ្លួនបានកំណត់គោលដៅ ទៅលើក្រុមហេសបូឡា។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA របស់ប្រទេសលីបង់ បានរាយការណ៍ថា ការវាយប្រហារ មានលើភូមិនានា ហើយ ក៏បានរាយការណ៍ អំពីការភៀសខ្លួនថ្មីៗ របស់អ្នកស្រុកទៅកាន់ទីក្រុងស៊ីដូន ភាគខាងត្បូង និង រដ្ឋធានី បេរូត។ ក្រោយមក នៅថ្ងៃសៅរ៍ដដែល ក្រុមសកម្មប្រយុទ្ធ ហេសបូឡាហ៍ បានប្រកាសថា ខ្លួនបានវាយប្រហារគោលដៅយោធាមួយ នៅភាគខាងជើង អ៊ីស្រាអែល។
ការវាយប្រហារគ្នានេះ កើតឡើង នៅមួយថ្ងៃ បន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានយល់ចូលរួមក្នុងកិច្ចពិភាក្សាសន្តិសុខ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ហើយសម្រេចបន្តពន្យាពេលបទឈប់បាញ់ រយៈពេល ៤៥ ថ្ងៃ ដើម្បីបើកដំណើរការបន្ថែមទៀត។
បើតាម BBC, ជម្លោះបានចាប់ផ្តើម នៅថ្ងៃទី ២ ខែមីនា ពោលគឺនៅពីរថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់។ ក្រុមហេសបូឡាហ៍បានបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ និងការលុកលុយដីនៅភាគខាងត្បូងប្រទេសលីបង់។
មនុស្ស ជិត៣ពាន់នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីពេលនោះមក នេះបើយោងតាមក្រសួងសុខាភិបាល។ អាជ្ញាធរអ៊ីស្រាអែលវិញ និយាយថា ទាហានរបស់ខ្លួន ១៨នាក់ និង ជនស៊ីវិល៤នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេលដូចគ្នា៕
ប្រភពពី CNA, BBC ប្រែសម្រួល ៖ សារ៉ាត
