មូស្គូ ៖ វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន នៅថ្ងៃអង្គារទី១៩ និង ថ្ងៃពុធ ទី២០ ខែឧសភា។

មូស្គូ ៖ វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន នៅថ្ងៃអង្គារទី១៩ និង ថ្ងៃពុធ ទី២០ ខែឧសភា។
សេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំង រៀបរាប់ថា ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី, វិធីដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងយុទ្ធសាស្ត្រ រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក៏ដូចជា ការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាអន្តរជាតិ និង តំបន់សំខាន់ៗ។
កិច្ចពិភាក្សាគ្រោងនឹងបញ្ចប់ ជាមួយនឹងសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំទាំងពីរ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗ រវាងរដ្ឋាភិបាលរុស្ស៊ី និងចិន។
បើតាម RT, ទំនាក់ទំនងរវាងចិន និងរុស្ស៊ី កាន់តែស៊ីជម្រៅ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងប៉េកាំងបានបដិសេធ មិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន ហើយប្រទេសទាំងពីរបានពង្រីកទំនាក់ទំនងពាណិជ្ជកម្ម, ថាមពល និងការទូត។
ទីក្រុងមូស្គូ និងប៉េកាំងក៏បានឈានទៅមុខជាមួយនឹងគម្រោងថាមពលសំខាន់ៗ រួមទាំងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ដែលនឹងបង្កើនការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់ប្រទេសចិនយ៉ាងខ្លាំង៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត
