តាលិន ៖ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបព្រមានថា អាមេរិក ចិន និង រុស្ស៊ី ចង់ឃើញសហភាពអឺរ៉ុបបែកបាក់គ្នា ដោយសារតែប្លុកមួយនេះមានសមត្ថភាព និងកម្លាំងភូមិសាស្ត្រនយោបាយប្រកួតប្រជែង ជាមួយមហាអំណាចទាំង ៣ ។

តាលិន ៖ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបព្រមានថា អាមេរិក ចិន និង រុស្ស៊ី ចង់ឃើញសហភាពអឺរ៉ុបបែកបាក់គ្នា ដោយសារតែប្លុកមួយនេះមានសមត្ថភាព និងកម្លាំងភូមិសាស្ត្រនយោបាយប្រកួតប្រជែង ជាមួយមហាអំណាចទាំង ៣ ។
ថ្លែងអំឡុងសន្និសីទមួយនៅក្នុងរដ្ឋធានី Tallinn ប្រទេសអេស្តូនី កាលពីថ្ងៃអាទិត្យ, លោកស្រី Kallas និយាយថា មហាអំណាចទាំងនេះកំពុងព្យាយាមបំបែកកម្លាំងសមូហភាពរបស់សហភាពអឺរ៉ុប ។
លោកស្រីរៀបរាប់ថា «ជាមហាអំណាចទាំងនេះមិនចូលចិត្តសហភាពអឺរ៉ុបនោះទេ ពួកគេចង់រុះរើសហភាពអឺរ៉ុប ហើយមូលហេតុនោះគឺដោយសារតែយើងខ្លាំងជាង នៅពេលដែលយើងរួបរួមនៅជាមួយគ្នា» ។
អតីតនាយករដ្ឋមន្ត្រីប្រទេសអូស្តូនី វ័យ ៤៨ ឆ្នាំរូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាល សហភាពអឺរ៉ុប ទប់ទល់នឹងសម្ពាធដែលអាចធ្វើឲ្យការរួបរួមរបស់អឺរ៉ុបចុះខ្សោយ ដោយព្រមានថា ការបែងចែកផ្ទៃក្នុង បានប្រថុយនឹងការថយចុះឥទ្ធិពលជាសកល របស់ប្លុកមួយនេះ ស្របពេលដែលអស្ថិរភាពភូមិសាស្ត្រនយោបាយ កំពុងកើនឡើង ។
បើតាម Anadolu, ការថ្លែងរបស់លោកស្រី Kaja Kallas កើតមានឡើង ចំពេលដែលបណ្តាមេដឹកនាំអឺរ៉ុប ជួបប្រទះនឹងភាពមិនប្រាកដប្រជា ជុំវិញការប្តេជ្ញាចិត្ត រយៈពេលវែង របស់ក្រុងវ៉ាស៊ីនតោន ចំពោះសន្តិសុខរបស់អឺរ៉ុប ។
ការចោទប្រកាន់លើប្រទេសទាំងបីនេះទៀតសោតត្រូវបានលើកឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសចិន ជាពិសេសនៅមុនពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំងដូចគ្នា ៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត
