វ៉ាស៊ីនតោន ៖ ប្រទេសចិនបានសន្យាថា នឹងទិញផលិតផលកសិកម្មរបស់អាមេរិក យ៉ាងហោចណាស់ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ពោលចាប់ពីឆ្នាំ ២០២៦, ២០២៧ និង ២០២៨ ។ នេះបើតាមអះអាងរបស់សេតវិមានកាលពីថ្ងៃអាទិត្យ ។

វ៉ាស៊ីនតោន ៖ ប្រទេសចិនបានសន្យាថា នឹងទិញផលិតផលកសិកម្មរបស់អាមេរិក យ៉ាងហោចណាស់ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ពោលចាប់ពីឆ្នាំ ២០២៦, ២០២៧ និង ២០២៨ ។ នេះបើតាមអះអាងរបស់សេតវិមានកាលពីថ្ងៃអាទិត្យ ។
ប្រភពដដែលបញ្ជាក់ថា ការប្ដេជ្ញាចិត្តនេះកើតមានឡើង ក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតីចិន លោក Xi Jinping កាលពីសប្តាហ៍មុន ។
ប៉ុន្តែសេតវិមាននិយាយថា ទំហំទឹកប្រាក់ ១៧ ពាន់លានដុល្លារនេះ មិនរាប់បញ្ចូលការសន្យាទិញសណ្តែកសៀង ដែលចិនធ្លាប់បានប្តេជ្ញាថានឹងទិញកាលពីខែតុលា ឆ្នាំ ២០២៥ នោះទេ ។
ការសន្យានេះទៀតសោតធ្វើឡើង នៅក្រោយពេលមានការថយចុះគួរឱ្យកត់សម្គាល់ នៃការនាំចេញកសិផល របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន បន្ទាប់ពីមានបញ្ហាតំឡើងពន្ធគយ កាលពីឆ្នាំមុន ។
បើតាម CNA, ការនាំចេញទំនិញកសិកម្មអាមេរិកទៅចិន ក្នុងឆ្នាំ២០២៥ បានថយមកនៅត្រឹមតម្លៃ ៨ ពាន់ ៤០០ លានដុល្លារ ពោលធ្លាក់ចុះ ៦៥.៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ។
បើតាមសេតវិមានដដែល, ប្រទេសចិននឹងធ្វើការជាមួយនិយតករអាមេរិក ដើម្បីលុបចោល វិធានការផ្អាកកន្លែងផលិតសាច់គោអាមេរិក ហើយបន្តការនាំចូលសាច់សត្វ ពីបណ្តារដ្ឋរបស់សហរដ្ឋអាមេរិក ដែលកំណត់ថា គ្មានជំងឺផ្តាសាយបក្សី ។
លើសពីនេះ ទីក្រុងប៉េកាំងក៏នឹងបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និង ក្រុមប្រឹក្សាវិនិយោគ រវាងអាមេរិក និង ចិន ទៀតផង ។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីសប្តាហ៍មុនថា ក្រុមប្រឹក្សាភិបាលទាំងនេះ នឹងដោះស្រាយកង្វល់ ជុំវិញការទទួលបានទីផ្សារ សម្រាប់ផលិតផលកសិកម្ម និងពង្រីកពាណិជ្ជកម្ម ក្រោមក្របខណ្ឌកាត់បន្ថយពន្ធគយ ទៅវិញទៅមក ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
